Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្លាប់លើបង្គង! អនុប្រធានភូមិព្រៃបឹង ខណ្ឌពោធិ៍សែនជ័យវ័យ៧១ឆ្នាំ នាំស្រីកំណាន់ចូលផ្ទះសំណាក់ «ភ្នំមាស» បណ្តាលឲ្យដាច់ខ្យល់ស្លាប់

24-10-2018 17:35

(ភ្នំពេញ)៖ ស្នេហាវ័យចំណាស់មួយគូរផ្អែមល្ហែមជាមួយគ្នា អស់រយៈពេលជាង៥ឆ្នាំ ដោយពួកគាត់ទាំង២នាក់ បានមករួមមេត្រីស្នេហានៅក្នុងផ្ទះសណាក់យីហោ «ភ្នំមាស» តែជាអកុសលក្រោយ ប្រតិបត្តិការស៊ីជម្រៅរួចមក បែរជាបុរសចំណាស់រូបនោះ បានមានអាការៈមិនស្រួលសង្ស័យខ្យល់គរ ក៏គាំងបេះដូងរហូតដល់ស្លាប់តែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងផ្ទះសំណាក់យីហោ «ភ្នំមាស» ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ជនរងគ្រោះឈ្មោះ ខៀវ ឃឺន អាយុ៧១ឆ្នាំ មុខរបរអនុប្រធានភូមិព្រៃបឹងសព្វថ្ងៃស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្រ្តីកំណាន់ចិត្តមានឈ្មោះ ពៅ សាត អាយុ៣២ឆ្នាំ មុខរបរជាចុងភៅនៅហាងមួយកន្លែង ក្នុងផ្សារថ្នល់ទទឹងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅ ឃុំ-ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមដំណើររឿង៖ នៅមុនពេលកើតហេតុ កាលពីល្ងាចម្សិលមិញ វេលាម៉ោងប្រហែលជា០៥៖៣០ ជនរងគ្រោះ បានទូរស័ព្ទរកស្រីកំណាន់ថា គាត់នឹក និងចង់ជួប រួចហើយក៏ណាត់គ្នាទៅផ្ទះសំណាក់ «ភ្នំមាស»។ លុះដល់ម៉ោងប្រហែលជា៧៖៣០នាទីយប់ គាត់គេក៏មកដល់ផ្ទះសំណាក់ទាំងពីរនាក់ លុះដល់ម៉ោងប្រហែលជា០៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ គាត់ក៏និយាយថា មិនសូវស្រួលខ្លួន ហើយឲ្យនារីកំណាន់ កោសខ្យល់ឲ្យ រួចនាងក៏ចូលងូតទឹកទៅ។ ស្រាប់តែពេលចេញមកឃើញគាត់ដេកហាមាត់ រួចហើយក៏ហៅ និងអង្រួនតែគាត់មិនមាត់ ក៏រត់មកហៅម្ចាស់ផ្ទះសំណាក់ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមការពិនិត្យពីជំនាញកោសល្យវិច្ច័យក្រុង និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ម បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕