(ឧត្តរមានជ័យ)៖ ដោយមានការអនុវត្ត ក៏ដូចជាការជំរុញពីអគ្គនាយកអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងអគ្គនាយករងទទួលបន្ទុកទៅលើសុខភាព របស់បងប្អូនប្រជាពលរដ្ឋ នៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យតាមតូបលក់ទំនិញនានាៗ ក្នុងផ្សារចំនួនពី គឺផ្សារទំនប់ដាច់ និងផ្សាត្រាំប៉ោង ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។
ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូល បានផ្តោតសំខាន់ទៅលើគ្រឿង ឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងគ្រឿងភេសជ្ជៈដែលខូចគុណភាពផ្សេងៗ នាក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានត្រួតពិនិត្យរួចរាល់ ដោយបានសុំដកហូតនូវនំកម្ទេចកូនក្មេងចំនួន១៥គីឡូក្រាម ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ ទឹកផ្លែឈើដបតូចចំនួន៣៧៦ដប និងទឹកក្រូចដបធំ១.៥ លីត្រ ដែលជាលទ្ធផលនៅប្រទេសថៃចំនួន៥៦ដប យកមករក្សាទុកដើម្បី ទុកដុតកម្ទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះផងដែរ សាខាកាំកុងត្រូលខេត្ត ក៏បានអប់រំណែនាំបន្ថែមឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចាំបាច់។ បន្ទាប់មកក្រុមការងារក៏បានបិទ និងចែកជូននូវផ្ទាំង poster ដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជាច្រើនផ្ទាំង សម្រាប់យកទៅមើលឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ និងជួយផ្សព្វផ្សាយបន្ត ពីផលប៉ះពល់ពីសុខភាព៕