(ក្រចេះ)៖ មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានយកគ្រឿងចក្រ ឈួសឆាយលុបរណ្ដៅរ៉ែមាសអនាធិបតេយ្យជាច្រើនកន្លែង នៅចំណុចត្រូនភូមិអូពោរ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ការឈូសលុបរណ្តៅរ៉ែអនាធិបតេយ្យនេះ ដោយមានការសម្របសម្រួលពីលោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ រួមសហកាជាមួយអាជ្ញាធរស្រុក។
លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឲ្យដឹងថា តំបន់រុករកមាសខាងលើនោះ ត្រូវបានប្រជាពលរដ្ឋ យកធ្វើជាកន្លែងរកមាសបែបអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ តាំងពីដូនតារបស់គាត់មកម្ល៉េះ ទោះបីជាមន្ទីរជំនាញចុះមកបិទជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែពួកគាត់នៅតែលួចជីកវិញដដែល។
ក្នុងការជីករុករកមាសរបស់ពួកគាត់នាពេលកន្លងមក មានការប្រឈមជាខ្លាំង គឺគ្រោះថ្នាក់បាត់បង់ជីវិតជាច្រើននាក់ជាបន្ដបន្ទាប់ ដោយសារការបាក់ដីលុបរណ្ដៅរ៉ែ និងពុលផ្សែងក្នុងរណ្ដៅ ពេលចុះបូមទឹក។
លោកបានបញ្ជាក់ថា មុននឹងឈានដល់ការយកគ្រឿងចក្រ មកឈូសលុបរណ្តៅរ៉ែអនាធិបតេយ្យទាំងនេះ លោកបានស្នើរសុំគោលការណ៍ និងការអនុញ្ញាតពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងស្ថាបន័អយ្យការ ចុះឈូសលុបរណ្ដៅរ៉ែមាសនៅតំបន់នោះចោលតែម្ដង គិតត្រឹមរសៀលថ្ងៃដដែលនេះ ការលុបរណ្ដៅធំៗបានចំនួន៦រណ្ដៅហើយ។
លោកបញ្ជាក់បន្ថែមទៀតថា ក្នុងករណីដែលម្ចាស់រណ្ដៅ នៅតែបន្តសកម្មភាពជីករណ្តៅរុករករ៉ែ មន្ទីររ៉ែ និងថាមពលខេត្ត នឹងអនុវត្តទៅតាមច្បាប់ ចំពោះម្ចាស់រណ្តៅទាំងនោះ ដោយដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយវិធានការបន្ទាប់ លោកនឹងចុះលុបរណ្ដៅជាបន្តទៀត ឲ្យតែមានពលរដ្ឋជីករណ្ដៅអនាធិបតេយ្យបែបនេះ៕