(បន្ទាយមានជ័យ)៖ សមិទ្ធិផលជាច្រើន ដែលរួមមាន ផ្លូវលំចាក់ក្រាលគ្រោះក្រហម ចូលមជ្ឈមណ្ឌល, រោងឧបោសថ, ឈាបប្បណៈដ្ឋាន, ស្ពានក្នុងវត្តប្រាសាទសំរោងតេជោសែនជ័យ, និងលំនៅដ្ឋានចំនួន១៥ខ្នង ជូនដល់បងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ រួមនឹងសមិទ្ធិផលជាច្រើនទៀត ក្នុងមជ្ឈមណ្ឌល ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា បេសកកម្មពិសេស របស់សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនព្រះសង្ឃ និងបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិការតេជោភ្នំឆ័ត្រ ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនដល់ក្រុមគ្រួសារយោធិន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ដែលអានដោយលោកឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី នាយកមជ្ឈមណ្ឌល និងលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយករងមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ បានលើកឡើង អំពីជំហ៊ានរីកចម្រើនរបស់មជ្ឈមណ្ឌល ក្នុងដំណាក់កាលថ្មីនេះ រួមទាំងការងារជាច្រើន លើភារកិច្ចនៃការកសាងមជ្ឈមណ្ឌល ការងារដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វរបស់បងប្អូនយោធិនពិការ និងគ្រួសារក្នុងឆ្នាំនេះ ។
លោកបានបញ្ជាក់ទៀតថា រយៈពេល៥ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលបានទទួលបងប្អូនយោធិនពិការ ឲ្យចូលរស់នៅចំនួន១៤៨គ្រួសារ ក្នុងនោះ៖ មានគ្រួសារយោធិនពិការ មានចំនួន១០៨គ្រួសារ និងប៉ូលីស៤០គ្រួសារ រហូតមកទល់ពេលនេះ មជ្ឈមណ្ឌលបានកសាងផ្ទះជូនគ្រួសារជូនយោធិនពិការ បានចំនួន៤២០ខ្នងក្នុងនោះ ជាអំណោយសម្តេចតេជោចំនួន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ចំនួន២៥០ខ្នង អំណោយលោកនាយឧត្តមសេនីយ៍ មាស សុភា និងលោកស្រី រួមជាមួយសប្បុរសជនចំនួន១៧០ខ្នង និងក្រៅពីនោះ មានការកសាងនូវអាគារទីចាត់ការ, សាលប្រជុំ, គិលានដ្ឋាន, សាលារៀន, សាលបណ្តុះបណ្តាលវិជ្ជាជីវៈ, វត្តអារាម, ប្រព័ន្ធស្តុកទឹកស្អាត, បុស្សបុក, ដាក់រូបសំណាកលោកតារាជ្យ, អាងស្តុកទឹក, អណ្តូងទឹក, ដែលរហូតមកទល់ពេលនេះ បានទទួលឲ្យយោធិនពិកា.ជា ខ ភ ម, កងរាជអាវុធហត្ថ, កងនគរបាលជាតិ និងគ្រួសារចូលមករស់នៅសរុប៥០០គ្រួសារ ស្មើនឹងមនុស្សប្រមាណ១,៥៣៨នាក់ហើយ។
ដោយឡែកថ្ងៃនេះ សមិទ្ធិផលថ្មីទៀត ដែលត្រូវដាក់សម្ពោធរួមមាន៖ ផ្ទះសង់ថ្មីចំនួន១៥ខ្នង ដែល១ខ្នងៗទំហំ ៥ម៉ែត្រគុណ នឹង៨ម៉ែត្រមានជញ្ជាំងថ្ម ដំបូលប្រក់ដែកស័ង្កសី, រោងឧបោសថ១ខ្នង ទំហំ១០ម៉ែត្រ គុណ១២ម៉ែត្រ កំពស់៣,៨ម៉ែត្រ ធ្វើពីបេតុងដំបូលប្រកដែកស័ង្កសី, ផ្លូវលំ១ខ្សែប្រវែង៤,០០០ម៉ែត្រ, ឈាប្បណៈដ្ឋាន១កន្លែង ទំហំ៤,៥០ គុណនឹង៩ម៉ែត្រ ធ្វើពីឥដ្ឋប្រកដែកស័ង្កសី នៅក្នុងវត្តប្រាសាទសំរោងសែនជ័យ, ស្ពាន១កន្លែងប្រវែង១២ម៉ែត្រគុណ នឹង៥ម៉ែត្រ និងការកសាងផ្ទះជូនជនក្រីក្រ ទំហំ៣គុណនិង៤ម៉ែត្រ ចំនួន៣ខ្នងផងដែរ ។
សមិទ្ធិផលទាំងអស់ ដែលត្រូវដាក់សម្ពោធនាពេលនេះ គឺបានបានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ប្រមុខរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសលោកនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា ដែលជាអតីតអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកចំពោះបងប្អូនយោធិនពិការ។
ថ្លែងសំណេះសំណាលជាមួយបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិកា៣១៧តេជោភ្នំឆ័ត្រនាពេលនោះ នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកក្នុង មនោសញ្ចេតនាគោរព ស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនយោធិនពិការ និងគ្រួសារទាំងអស់ក្នុងឱកាសនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបន្ថែមថា ថ្ងៃនេះយើងសម្ពោធសមិទ្ធផល ជាផ្ទះយោធិនពិការ, ជាផ្លូវលំ, ជាស្ពាន និងសមិទ្ធិផលក្នុងទីអារាមវត្តប្រាសាទសំរោងសែនជ័យ ប៉ុន្តែថ្ងៃក្រោយ យើងនិងចាប់ផ្តើម ស្ថាបនាបន្តទៀត នៅសមិទ្ធិផលថ្មីៗបន្ថែមទៀតនូវអ្វីដែលយើងខ្វះខាត ក្នុងមជ្ឈមណ្ឌលមួយនេះ ឲ្យក្លាយជាភូមិដ្ឋានមួយដែលមានការរីកចម្រើន ដោយភោគផលនៅជាយដែនភាគព៌ាយព្យ នៃប្រទេសកម្ពុជា៕