(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរមុខងារសាធារណៈខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិនានាពាក់ព័ន្ធនឹងការដាក់មន្ត្រីរាជការ ដែលសិក្ខា សិលានេះសំដៅឲ្យមន្ត្រីបានស្វែងយល់ការចូលនិវត្តន៍ មន្រ្តីរាជការបាត់បង់សម្បទាវិជ្ជាជីវៈ ការឧបត្ថម្ភ ព្រមទាំងការគ្រប់គ្រងស្ថានភាពប្រែប្រួលរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិល ដែល សហការរវាងក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្តកំពង់ស្ពឺ។
វត្តមានជាវាឃ្មិនមានលោក ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក ព្រុំ វណ្ណះ អភិបាលរង ខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោក ស្រីប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុកប្រមាណ១៥០នាក់។
លោក ថោ សេដ្ឋាណា បានថ្លែងថា ខេត្តកំពង់ស្ពឺជាខេត្តទី១១ ដែលបានធ្វើសក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនមន្ត្រីរាជការស៊ីវិល ហើយបើកសិក្ខាសិលានេះធ្វើការ ដឹកនាំបានយល់ពីការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ ចូលដោយបាត់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់ ព្រមទាំងការគ្រប់គ្រង ការផ្លាស់់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិល សម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិលទូទាំងខេត្តកំពង់ស្ពឺទាំងអស់។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា «យើងជាមន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ លើការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រ កម្ពុជា រួមជាមួយនឹងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងកំណើន នៃសេចក្តីត្រូវការរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋ។ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរមុខងារសាធារណៈខេត្ត ក៏បានដើរតួយ៉ាងសំខាន់ ក្នុងនាមជាជាសេនាធិការជូនគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចលើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងមន្រ្តី ជាប់កិច្ចសន្យាឲ្យមានប្រសិទ្ធិភាព»។
លោក ព្រុំ វណ្ណះ បានឲ្យដឹងថា គិតមកត្រឹម ខែធ្នូ ឆ្នាំ២០១៧ ការប្រើប្រាស់មន្ត្រីរាជការស៊ីវិលសរុបនៅក្នុងខេត្តកំពង់ស្ពឺ មានចំនួនក្របខណ្ឌមន្រ្តីរាជការទូទាំងខេត្តសរុបចំនួន៧,៦៥១នាក់ ស្រីចំនួន ២,៩២២នាក់ ក្នុងនោះមាន៖
*ក្របខណ្ឌប្រភេទ ក សរុបចំនួន ១,១១១ នាក់ ស្រីចំនួន ២៨៤ នាក់
*ក្របខណ្ឌប្រភេទ ខ សរុបចំនួន ២,៧៨០នាក់ ស្រីចំនួន ៩៦១ នាក់
*ក្របខណ្ឌប្រភេទ គ សរុបចំនួន ៣,៧៥៨នាក់ ស្រីចំនួន ១,៦៧៦ នាក់
*មន្រ្តីជាប់កិច្ចសន្យា ទូទាំងខេត្ត សរុបចំនួន ៤៥៣នាក់ មានស្រីចំនួន ១៧១នាក់
*គ្រូបង្រៀនជាប់កិច្ចសន្យា កម្មវិធីចូលរៀនឡើងវិញមានចំនួន ៣០ នាក់ ស្រី ៣នាក់
*គ្រូបង្រៀនជាប់កិច្ចសន្យា កម្មវិធីអក្ខរកម្មវិជ្ជាជីវៈមានចំនួន ៥៤ នាក់ ស្រី ១៤នាក់
*គ្រូបង្រៀនជាប់កិច្ចសន្យា កម្មវិធីបង្កើនប្រាក់ចំណូលមានចំនួន ៤៧ នាក់ ស្រី២៤នាក់
*គ្រូបង្រៀនជាប់កិច្ចសន្យា កម្មវិធីសមមូលបឋមសិក្សាមានចំនួន ៩ នាក់ ស្រី០នាក់
*សហព័ទ្ធមន្រ្តីរាជការ ទូទាំងខេត្តសរុបចំនួន ៣,០០៩នាក់
*កូនមន្រ្តីរាជការ ទូទាំងខេត្តសរុបចំនួន៨,០៨៨ នាក់។
លោកអភិបាលរងបន្តថា ដោយមានគោលនយោបាយដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាមួយគ្នានេះ លោកក៏សូមសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការកងកម្លាំងគ្រប់ជាន់ថ្នាក់ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានធ្វើឱ្យខេត្តកំពង់ស្ពឺ ទទួលបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ៕