(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះ១ កម្លាំងប៉ុស្ដិ៍សង្កាត់ទួលសង្កែ១ និងកម្លាំងប៉ុស្ដិ៍សង្កាត់ឬស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ជាវៀតណាម និងខ្មែរ ទាំងប្រុសស្រីចំនួន៥នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា។

លោកវរសេនីយ៍ឯក គល់ យី បានប្រាប់ឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ខាងលើនេះដែរ គឺបានធ្វើឡើងជាបន្តបន្ទាប់ ទាំងព្រឹក-ល្ងាច និងនៅពេលរាត្រីរំលងអាធ្រាត ស្ថិតនៅត្រង់ចំណុចក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ និងនៅតាមបណ្ដោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ និងមួយគោលដៅទៀតនៅតាមបណ្ដោយផ្លូវបេតុង ក្រុមទី9 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។

បើតាមលោកអធិការនគរបាលខណ្ឌឬស្សីកែវ ចំពោះការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានក្នុងករណីទី១ ជនសង្ស័យឈ្មោះ គីម ទ្បាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ប្រើប្រាស់) និងម្នាក់ទៀតឈ្មោះ ទ្បេ ធីតុ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ប្រើប្រាស់) ដកហូតបានឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។

ករណីទី២ ឃាត់ខ្លួនជាក់ស្ដែងចំពោះជនសង្ស័យឈ្មោះ សាប់ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀន ដកហូតបានម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-2209 ដែកសំប៉ែតចុងស្រួចចំនួន១ កូនសោខ្សៀលេខ៨ចំនួន១ ក្រោយពីត្រៀមប៉ុនប៉ងចូលទៅលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលរាត្រីមិនទាន់បានសម្រេចឡើយ។

លោកអធិការបន្តថា ក្នុងករណីទី៣ គឺជាលទ្ធផលនៃការស្រាវជ្រាវ រហូតឈានដល់ការលបឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាចាស់ឈ្មោះ វ៉ា ចាន់ឡេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះលេខ១១ ផ្លូវ១៦៧ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងម្នាក់ទៀតឈ្មោះ អឹម ប៊ុនវិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៩៨ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងដកហូតបានដែកសំប៉ែតចុងស្រួច១ដើម (សំរាប់កាច់សោករម៉ូតូ) សោរខ្សៀរលេខ៨ចំនួន១ដើម (សំរាប់កាច់សោករម៉ូតូ) រួមជាមួយម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1F-8610 (បាត់) បន្ទាប់ពីប៉ុនប៉ងចូលទៅលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែមិនទាន់បានសម្រេច។

ក្រោយបញ្ចប់កិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន និងប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទាំងប្រុសស្រី៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធបទល្មើស ត្រូវបានបញ្ជូនភ្លាមៗមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីឃុំខ្លួនបណ្ដោះអាសន្នសាកសួបបន្ថែម ក្នុងការកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕