(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំពិព័រណ៍កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វរយៈពេល៣ថ្ងៃ។ ពិព័រណ៍នេះរៀបចំឡើង ចាប់ពីថ្ងៃទី០១-០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពិព័រណ៍សិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វ រៀបចំឡើងដោយរំពឹងមានអ្នកចូលរួមទស្សនា៦ពាន់នាក់រួមមាន៖ កសិករ, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, អ្នកផលិតចំណីសត្វ, ពេទ្យសត្វ, អ្នកកែច្នៃ, និងអ្នកជំនួញច្រើនទៀត ដោយក្នុងនោះពួកគេនឹងមានឱកាសទស្សនាផលិតផលថ្មីៗ ជាមួយនិងបច្ចេកវិទ្យាចុងក្រោយបំផុត ពីក្រុមហ៊ុនអន្ដរជាតិធំៗរួមមាន៖ Lay Hong Berhad, Agco Gsi , Big Dutchman, Valli s.p.a, Nutricomm Asia Pte ltd, Gartech, Altuntas, Salmet, Prestige Feed Mills, Clearwater, National Renderers, Chin Chin, Suncue, Hunan Yingchun, Chanen Chemical , Henan Runhe, Jiangsu, Buhler, Agri-Master, Makita, C.P. Cambodia, Mong Riththy Group ជាដើម។
យោងតាមរបាយការណ៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ឱ្យដឹងថា ចាប់ពីឆ្នាំ២០១៦-២០២៤ តម្រូវការសាច់របស់កម្ពុជា នឹងកើនឡើងពី១៤.៦% ស្មើ២៨០,០០០-៣២៨,០៨៥តោនក្នុងមួយឆ្នាំៗ។ ការកើនឡើងនេះបានជួយជំរុញ ឲ្យប្រាក់ចំណូលកសិករ និងអ្នកផលិតមានការកើនឡើង។
លោក Richard Yew អនុប្រធានប្រចាំតំបន់ របស់ក្រុមហ៊ុន AMB Tarsus Events Group អ្នករៀបចំពិព័រណ៍ឲ្យដឹងថា «ខ្ញុំសូមលើកទឹកចិត្តដល់កសិករ ផ្នែកកសិកម្មបសុសត្វ, ចំណីសត្វ និងអ្នកផលិតសាច់ទាំងអស់ ចូលរួមទស្សនាពិព័រណ៍កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វ Agrilivestock Camobdia 2018 ឲ្យបានគ្រប់គ្នា ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពី បច្ចេកវិជ្ជា និងការផ្គត់ផ្គង់ចុងក្រោយ និងចំណេះដឹងផ្សេងទៀត»។
សូមបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលពាក់ព័ន្ធ នឹងចំណីសត្វ និងសារធាតុបន្ថែម, ឧបករណ៍កិនស្រូវ ប្រព័ន្ធវេចខ្ចប់ និងប្រព័ន្ធបង្កបង្កើនផល ឧបករណ៍ផលិតកម្មបសុសត្វជាដើម។ នេះជាឱកាសល្អក្នុងការកសាង ទំនាក់ទំនងអាជីវកម្ម៕