(ស្វាយរៀង)៖ មានរឿងរ៉ាវជម្លោះក្មេងៗពីរក្រុម បានវាយគ្នាបន្តិចបន្ទួច តែអាណាព្យាបាលដាក់ពាក្យប្តឹងទាមទារជំងឺចិត្ត៣,០០០ដុល្លារ។ ឪពុកម្តាយរបស់ក្មេង ដែលត្រូវបានប៉ូលិសឃាត់ខ្លួន អំពាវនាវរកយុត្តិធម៌ ខណៈដែលកូនខ្លួនមិនបានប្រព្រឹត្តិ ដូចការចោទប្រកាន់របស់ភាគីរងគ្រោះ។
ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ បញ្ជូនកូនខ្លួនមកស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង។
ឪពុកម្តាយរបស់កូន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ កូនរបស់គាត់ឈ្មោះ សារ៉ា រាមសី បានទៅស្ទួចត្រីលេងនៅចំណុចខាងក្រោយ រោងចក្រតំបន់សេដ្ឋកិច្ចពិសេស «តាយសេង» ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ស្រាប់តែមានសមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់ បានហៅកូនគាត់ ទៅសាកសួរដោយមានពាក្យបណ្តឹងពីឈ្មោះ ពេជ ចាន់ណារ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខនៅក្រុងបាវិត មានស្រុកកំណើត នៅខេត្តសៀមរាប។
ពាក្យបណ្តឹងរបស់ឈ្មោះ ពេជ ចាន់ណារ៉ុង បានអះអាងថា ឈ្មោះ សោម ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ និងបក្ខពួក បានព្រួតវាយកូនខ្លួនឈ្មោះ ពេជ ស្តាលីន ភេទប្រុស អាយុ១៣ឆ្នាំ បណ្តាលឲ្យរបួស។
បើតាមសាក្សីរបស់ក្មេងៗ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ឈ្មោះ សារ៉ា រាមសី ពុំបានវាយទៅលើឈ្មោះ ពេជ ស្តាលីន នោះទេ គឺឈ្មោះ សោម ម៉េង ជាអ្នកវាយបានពីរដៃ ទៅលើជនរងគ្រោះ (ពេជ ស្តាលីន) តែពុំមានរបួសស្នាមអ្វីឡើយ។ នៅពេលកើតហេតុ ក៏ឈ្មោះ សារ៉ា រាមសី ពុំបាននៅកន្លែងកើតដែរ។ ក្រោយមានជម្លោះទើប សារ៉ា រាមសី មកដល់ ហើយត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរតែម្តង។
ក្រោយពីសាកសួរនៅវេលាល្ងាចថ្ងៃទី២៣ ខែតុលា និងនៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ភាគីរងគ្រោះនៅតែមិនព្រម ដោយនៅតែទាមទារជំងឺចិត្ត៣០០ដុល្លារអាមេរិកដដែល ហើយភាគីចុងចម្លើយ គ្មានលទ្ធភាពនោះ សមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់បាវិត ក៏សម្រេចចិត្តបញ្ជូនខ្លួនក្មេងៗបួននាក់ ទៅស្នងការនគរបាលខេត្តចាត់ការបន្ត។
ទោះបីយ៉ាងណា បើតាមការបញ្ជាក់ពីឪពុកម្តាយក្មេងឈ្មោះ សារ៉ា រាមសី បានបន្តថា នៅល្ងាចថ្ងៃទី២៣ ខែតុលា សមត្ថកិច្ចបានហៅអាណាព្យាបាល និងក្មេងៗ ដែលពាក់ព័ន្ធមកសម្របសម្រួលគ្នា ព្រោះមិនមានបង្ករបួសស្នាម ហើយក៏បានយល់ព្រមសុំទោសគ្នា ទៅវិញទៅមក។ តែមួយសន្ទុះក្រោយមក ភាគីរងគ្រោះបានទូរស័ព្ទ មិនដឹងទៅណាទេ ក៏ក្រលះសម្តីវិញថា បងប្អូនគេមិនព្រមទេ ត្រូវតែប្តឹងទាមទារជំងឺចិត្តយក៣០០ដុល្លារអាមេរិកទៅវិញ ធ្វើឲ្យសមត្ថកិច្ចសម្រួលលែងចេញ ក៏បញ្ជូនសំណុំរឿងមកខេត្តតែម្តង។
ឪពុកម្តាយក្មេង សារ៉ា រាមសី សូមអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នតុលាការ មេត្តាដោះលែងកូនខ្លួនឈ្មោះ សារ៉ា រាមសី ឲ្យមានសេរីភាពវិញផង ព្រោះកូនខ្លួនមិនបានវាយក្មេងរងគ្រោះទេ ដោយមានសាក្សីក្មេងៗ បានបញ្ជាក់រួចហើយ៕