(កំពង់ឆ្នាំង)៖ លោក សុខ​ សំណាង តំណាងក្រុមហ៊ុន «គុយ ស៉ីវឆេង» ដែលម៉ៅការសម្អាតក្រុងកំពង់ឆ្នាំង បានទទូចស្នើសុំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីសាលាក្រុងកំពង់ឆ្នាំង ចេញលិខិតរដ្ឋបាលទទួលស្គាល់ ក្រុមហ៊ុនម៉ៅការដើម្បីសម្អាតក្រុងកំពង់ឆ្នាំងថ្មី ខណៈក្រុមហ៊ុនលោក​មិនទាន់ផុតកិច្ចសន្យា។

ថ្លែងប្រាប់ភ្នាក់ងារអង្គភាព Fresh News នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ លោក​ សុខ សំណាង បានឲ្យដឹងថា ក្រុមហ៊ុន «គុយ ស៉ីវឆេង» របស់ខ្លួនទទួលបានសិទ្ធិ ធ្វើសេវាអនាម័យ ក្នុងក្រុងកំពង់ឆ្នាំងរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៨​ ដោយមានការដេញថ្លៃនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងតាមនីតិវិធី។ ប៉ុន្តែនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ខាងសាលាក្រុងកំពង់ឆ្នាំង បានចេញលិខិតទទួលស្គាល់ក្រុមហ៊ុនថ្មី ដែលមានហត្ថលេខាបញ្ជាក់ដោយលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ឲ្យធ្វើអាជីវកម្មសេវាអនាម័យ មុនឆ្នាំដែលក្រុមហ៊ុនលោក​ ត្រូវចប់អាណត្តិទៅវិញ។

បុរសដែលអះអាងថាជាជនរងគ្រោះរូបនេះ បានបន្តថា ម្យ៉ាងវិញទៀត ក្រោយមានកិច្ចប្រជុំជាហូរហែរ នៅសាលាក្រុងកំពង់ឆ្នាំងផង នៅសាលាខេត្តកំពង់ឆ្នាំងផង ដែលលទ្ធផលកិច្ចប្រជុំចុងក្រោយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ហេង​ ពិទូ អភិបាលរងខេត្ត បានសម្រេចឲ្យក្រុមហ៊ុន «គុយ ស៉ីវឆេង» បានប្រតិបត្តិការជាធម្មតាវិញ។ ស្រាប់តែស្អែកឡើងគឺនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនដដែលនោះ នៅតែប្រតិបត្តិការប្រមូលសំរាម រំលោភលើអាជ្ញាបណ្ណរបស់លោក ដោយមិនមានការហាមឃាត់ពីអាជ្ញាធរក្រុងកំពង់ឆ្នាំងទេ បើទោះបីជាលោកបានជូនរបាយការណ៍ ដល់សាលាក្រុង។

លិខិតសាលាក្រុងកំពង់ឆ្នាំង ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ដែលមានហត្ថលេខាបញ្ជាក់ដោយលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ឈ្មោះ សុខ សម្បត្តិ ភេទប្រុស កើតថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពិតជាម៉ៅការធ្វើការងារអនាម័យក្រុងកំពង់ឆ្នាំង ពីរដ្ឋបាលក្រុងកំពង់ឆ្នាំង បានរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១​ ខែមករា ឆ្នាំ២០១៨​ ដល់ថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០១៩»

ទាក់ទិននឹងបញ្ហានេះ ​លោក ម៉ក់ សុលីម នាយករងរដ្ឋបាលក្រុងកំពង់ឆ្នាំង ទទួលបន្ទុកកិច្ចការសេវាអនាម័យ បានបំភ្លឺថា ការចេញលិខិតឲ្យឈ្មោះ សុខ សម្បត្តិ គឺសម្រាប់បញ្ជាក់ពីមុខរបររបស់គាត់ ប៉ុណ្ណោះ និងដើម្បីងាយស្រួលយកទៅដាក់ខ្ចីលុយពីធនាគារ មកប្រកបអាជីវកម្ម មិនមែនជាលិខិតសម្រាប់ផ្តល់សិទ្ធឲ្យឈ្មោះ សុខ សម្បត្តិ មានសិទ្ធក្នុងរឿងក្រុមហ៊ុន ប្រមូលសំរាមក្នុងក្រុងនោះឡើយ ពីព្រោះភាគីទាំង២បានប្តឹងទាស់គ្នា ជាយូរមកហើយ។

លោកបានគូសបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន «គុយ ស៉ីវឆេង» បានជាប់ទោសទណ្ឌនឹងរឿងផ្ទាល់ខ្លួន ហេតុនេះដើម្បីរកអ្នកម៉ៅការបន្តបាន ខាងសាលាក្រុងត្រូវរកអ្នកថ្មីមកធ្វើការបណ្តោះអាសន្នសិន។ លោកថា ភារកិច្ចរបស់លោក គឺបានធ្វើដោយយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតែប៉ុណ្ណោះ ហើយដើមឆ្នាំ២០១៩ សាលាក្រុងនឹងរៀបចំដាក់ឲ្យដេញថ្លៃ ដើម្បីរកអ្នកសម្អាតក្រុងបន្តទៀតផងដែរ។

លិខិតរដ្ឋបាលក្រុងកំពង់ឆ្នាំងមួយទៀត ក្រោយ៤ថ្ងៃ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានចំណាររបស់អភិបាលខេត្ត បានបញ្ជាក់ថា ឲ្យពិនិត្យនីតិវិធី ឯកភាពជាគោលការណ៍ជូនលោក ហេង ពិទូ នាយករដ្ឋបាល និងប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សាលាខេត្តបានវាយត្រាចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដែលជាសំណើររបស់អភិបាលក្រុង សុំលុបអាជ្ញាបណ្ណប្រកបអាជីវកម្ម អនាម័យក្រុងកំពង់ឆ្នាំង របស់ឈ្មោះ «គុយ ស៊ីវឆេង» ដែលមានរយៈពេល២ឆ្នាំ។

ជាមួយគ្នានេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះថា ការធ្វើលទ្ធកម្មសាធារណៈ កាលណាមនុស្សមានទោសហើយ បើមិនធ្វើតាមនីតិវិធីគឺមិនបានទេ។ លោកបានបញ្ជាក់ដែរថា ចំពោះឈ្មោះ សុខ សម្បត្តិ មិនមែនជាក្រុមហ៊ុនអីទេ តែជាដៃគូរបស់ក្រុមហ៊ុនលោក​ សុខ សំណាង ពីមុនមក។ បើតាមលោក យិន​ សាវ៉េន តាំងពីចូលកាន់តំណែងមក លោកបានឃើញតែឈ្មោះ សុខ សម្បត្តិ ជាអ្នកសម្អាតក្រុងរហូតមក ព្រោះលោកទើបចូលកាន់តំណែង រឿងលម្អិតផ្សេងទៀត មានតែខាងបន្ទុកកិច្ចការសេវាអនាម័យ ទើបដឹងច្បាស់។

ដោយឡែក លោក​ វ័ន្ត គីអាន ត្រូជាប្តីរបស់ «គុយ ស៉ីវឆេង» ដែលជាម្ចាស់ក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុង ដែលមានអាជ្ញាបណ្ណ ឯកភាពពីអាជ្ញាធរខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលកន្លងមក បានថ្លែងថា ប្រពន្ធរបស់លោកមានទោសទណ្ឌ អញ្ចឹងត្រូវមានអ្នកដែលអាចជំនួសគាត់ ដើម្បីបំពេញការងារ។

លោកបន្តថា ប៉ុន្តែសាលាក្រុងបានចេញលិខិតរដ្ឋបាល ទទួលស្គាល់ក្រុមហ៊ុនម៉ៅការសម្អាតថ្មី ដោយឯកឯង ពោលមិនមែនជាលិខិត ដែលបញ្ជាក់ពីមុខរបរទេ តែជាលិខិតដែលតម្រូវឲ្យក្រុមហ៊ុន សុខ សម្បត្តិ មានសុពលភាពប្រមូលសំរាម រយៈពេលដល់ទៅ២ឆ្នាំឯណោះ (លិខិតចុះទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​)។ លុះរហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្រាប់តែមានលិខិតពីលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ស្នើសុំឲ្យលោក ឈួរ​ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លុបកិច្ចសន្យារបស់ក្រុមហ៊ុនលោក​ទៅវិញ។

ដោយសារមានភាពមិនប្រក្រតីនេះកើតឡើង ព្រោះការទទួលស្គាល់ក្រុមហ៊ុនម៉ៅការថ្មីពីសាលាក្រុង ខណៈក្រុមហ៊ុនមួយទៀត មិនទាន់ចប់កិច្ចសន្យានោះ លោក វ័ន្ត គីអាន ក៏ធ្លាប់បានស្នើសុំការអន្តរាគមន៍នានា នៅតែមិនបានផល ទើបក្រុមហ៊ុនលោក សម្រេចស្នើសុំកិច្ចអន្តរាគមន៍ពី លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតែម្តង។ លោកថា សាលាក្រុងបានទទួលស្គាល់ក្រុមហ៊ុនថ្មី តែក្រសួងទើបចេញលិខិតស្នើសុំឲ្យលុប ធ្វើឲ្យលោកមិនបានបំពេញការងារ អស់រយៈពេលជាង៥ខែ។

លោកបានបន្ថែមថា សកម្មភាពបំពាននេះ បានធ្វើឲ្យក្រុមហ៊ុនលោក ខាតបង់ទាំងឧបករណ៍ បុគ្គលិក និងថវិកាជាច្រើន។ បើសិនជាសាលាក្រុងកំពង់ឆ្នាំង ប្រកែកចំពោះរឿងនេះ លោកសុំឲ្យមានកិច្ចតវ៉ារវាងគ្រប់ភាគី ចំពោះមុខគ្នាផងដែរ៕