(កំពង់ស្ពឺ)៖ មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ហុង ចាន់សុខា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានដាក់គ្រឿងចក្រជាច្រើនគ្រឿង មកពង្រាយនៅមុខផ្សាថ្នល់ទទឹងបន្តទៀត ដើម្បីរំដោះដីចំណីផ្លូវជាតិលេខ៤ ពីសំណាក់ក្រុមអ្នកលក់ដូរយ៉ាងអនាធិបតេយ្យ ។
តាមការលើកឡើងរបស់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ អះអាងថា មន្ទីរបានជូនដំណឹងដល់ប្រជាពលរដ្ឋ ក្រុមអាជីវករ ដែលមានផ្ទះជាប់ចញ្ចើមផ្លូវជាតិលេខ៤ ដែលដាក់តាំងលក់ដូរ លើដីចំណីផ្លូវទាំងអស់ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ រួមទាំងការកកស្ទះចរាចរកន្លងមកយ៉ាងធ្ងន់ធ្ងរ ទើបមន្ទីរសាធារណការ នាំគ្រឿងចក្រ និងរថយន្តបោសសម្អាតផ្លូវ មកជួសជុលបន្ទាន់ ការពារការកកស្ទះបន្តទៀត។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្រោយពីមន្ទីររំដោះដីចំណីផ្លូវនេះ និងជួសជុលបានស្អាតឡើងវិញ មន្ទីរនឹងប្រគលជូនអាជ្ញាធរស្រុកសំរោងទង ដើម្បីឲ្យជួយថែរក្សា និងអប់រំប្រជាពលរដ្ឋ ឲ្យឈប់ការរំលោភយកដីចំណីផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់បន្តទៅទៀត ។
ជាការពិត ដីណីផ្លូវនៅតាមបណ្តាទីប្រជុំជន ត្រូវបានក្រុមអាជីវករ យកទៅប្រើប្រាស់លក់ដូរ ឬដាក់តាំងសម្ភារៈផ្សេងៗ ដែលធ្វើឲ្យការធ្វើដំណើរមានការកកស្ទះចរាចរ ឈានទៅបាត់បង់សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរជាញឹកញាប់ថែមទៀត។ ដូច្នេះទាមទារឲ្យអាជីវករ ត្រូវនាំគ្នាចូលរួមថែរក្សា និងប្រើប្រាស់ដីចំណីផ្លូវឲ្យសមស្រប ដើម្បីរក្សាបានសោភណ្ឌភាព រួមទាំងទិដ្ឋភាពទីក្រុងស្អាតផងដែរ៕