(ភ្នំពេញ)៖ កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ស្ដីពី គ្រឿងបន្លាស់ គ្រឿងបរិក្ខារយានយន្ដ និងឧបករណ៍ជួសជុលយាន្តយន្នអន្តរជាតិធំ «ខេមអូតូ» ដែលពិព័រណ៍នេះរៀបចំឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

ពិព័រណ៍ «ខេមអូតូ» ប្រចាំឆ្នាំ២០១៨ រៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០១-០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រមូលផ្ដុំដោយផលិតផលថ្មីៗ, គ្រឿងបរិក្ខារយានយន្ដ, ឧបករណ៍ជួសជុល និងថែទាំយានយន្ត នាំចូលពីប្រទេសតំបន់អាស៊ី និងម៉ាកផលិតផលល្បីលើទីផ្សារជាច្រើនដូចជា Newera Equipment, Saxo Performance Parts, Solex International, Tech International និង United Grease & Lubricants ជាដើម។

ពិព័រណ៍អន្ដរជាតិនេះរំពឹងទុកថា នឹងទទួលបានការចូលរួមយ៉ាងច្រើនកុះករ​ពី សំណាក់អ្នកជំនួញ និងពាណិជ្ជករ មកពីគ្រប់ផ្នែកនៃឧស្សាហកម្មយានយន្តនៅកម្ពុជារួមមាន៖ អ្នកជំនួញគ្រឿងបន្លាស់យានយន្ត, ម្វាស់យាន្តដ្ឋានថែទាំ និងជួសជុលយានយន្ត និងពាណិជ្ជករ។

សូមជម្រាបថា បច្ចុប្បន្ននេះទីផ្សារយានយន្តកម្ពុជា កំពុងស្ថិតក្នុងចំណោមចំណាត់ថ្នាក់ល្អ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារមានកំណើននៃ ការលក់យានយន្តដឹកអ្នកដំណើរ កើនឡើងប្រមាណ២០.៤% នេះបើតាមការស្រាវជ្រាវរបស់ BMI។ ជាមួយគ្នានោះគេរំពឹងថា កម្ពុជានឹងបន្ដការលូតលាស់ ប្រសើរជាងប្រទេសអាស៊ានដទៃទៀត លើវិស័យយានយន្ដនេះ ដោយសារតែចំនួននៃកម្មសិទ្ធិយានយន្ត បន្តកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ឯកជន កំនែទម្រង់ពន្ធដារ និងសន្ទុះនៃកំណើនសេដ្ឋកិច្ចផងដែរ។

លោក Richard Yew អនុប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន AMB Tarsus Events Group អ្នករៀបចំពិព័រណ៍ CAMAUTO 2018 បានថ្លែងថា «ពិព័រណ៍នេះជាឱកាសដ៏ល្អសម្រាប់អ្នកជំនាញ វិស័យឧស្សាហកម្មយានយន្តក្នុងស្រុក ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ ព្រមទាំងជួយអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មយានយន្តក្នុងប្រទេសផងដែរ»

លោកបន្ថែមថា អ្នកជំនាញ ពាណិជ្ជករ និងអ្នកចែកចាយក្នុងវិស័យឧស្សាហកម្មយានយន្ត ត្រូវបានលើកទឹកចិត្ត អោយចូលរួមទស្សនា CAMAUTO 2018យ៉ាង​ច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងលើវិស័យនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការពិព័រណ៍អន្ដរជាតិនេះ នឹងរៀបចំឡើងចាប់ពីម៉ោង១០ព្រឹក រហូដល់ម៉ោង៥ល្ងាច៕