(កណ្តាល)៖ លោក ដួង ហេង ប្រធានក្រុមការងារចុះជួយឃុំដើមឬស ស្រុកកណ្តាល ខេត្តកណ្តាល និងលោក នួន នរិន្ទ ដែលជាអនុប្រធាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានបន្តដឹកនាំក្រុមការងារចុះថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៧០០នាក់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាំឲ្យបក្សប្រជាជននៅឃុំដើមឬស បានឈ្នះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោក ដួង ហេង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រជាការពារទាំងអស់ ដែលបានសហការជាមួយគ្នា ខិតខំការពារសន្តិសុខបានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចជា ការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ ក្នុងអាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោក ដួង ហេង បានថ្លែងបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែប្រជាពលរដ្ឋទាំងអស់ចង់បានសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លៀសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកប្រធានគណៈពង្រឹងរូបនេះ ក៏បានពាំនាំ និងបង្ហាញនូវព្រឹត្តការណ៍នយោបាយថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបេសកកម្មការងារដោយជោគជ័យយ៉ាងធំធេង ដែលសម្រេច បាននៅក្រៅប្រទេស ការដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំអង្គការសហប្រជាជាតិ និងកិច្ចប្រជុំអាស៊ី-អ៉ឺរ៉ុប។
ចំពោះការបង្ហាញវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាអធិរាជសន្តិភាពរបស់ជាតិកម្ពុជា គេសង្កេតឃើញថា ក្រុមប្រឆាំងដែលនាំគ្នាតវ៉ាប្រឆាំងវត្តមានសម្តេចតេជោនោះ ហាក់មានការធ្លាក់ចុះ យ៉ាងខ្លាំង គឺមានចំនួនតិចតួចណាស់ រហូតដល់ប្រទេសចុងក្រោយ គឺនៅស្វីសនោះ មិនមានវត្តមានក្រុមប្រឆាំងមកប្រមូលផ្តុំការតវ៉ានោះទេ។
ផ្ទុយទៅវិញ មានតែបងប្អូនប្រជាពលរដ្ឋដែលគាំទ្រសម្តេចតេជោ មកជួបជុំគ្នាមកគាំទ្រទៅវិញ ទោះប្រជាពលរដ្ឋត្រូវបានចំណាយលុយកាក់ និងខាតការងារការសិក្សាក៏ដោយនោះ ឲ្យតែបានជួបសម្តេចតេជោ ដែលជាមេដឹកនាំរបស់ខ្លួន។ សម្រាប់ការងារមូលដ្ឋានវិញលោក ដួង ហេង បានណែនាំដល់អាជ្ញាធរទាំងអស់ ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា និងត្រូវជួយដោះស្រាយភ្លាមៗ នូវទុក្ខលំបាកទាំងឡាយណាដែលកើតមានចំពោះពួកគាត់។
លោកក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជា កម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន និងប្រជាការពារទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវយកចិត្តទុក ដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។
នៅក្នុងឱកាសនោះលោក ដួង ហេង ក៏បានឧបត្ថម្ភនូវអំណោយខ្លះៗជូនសមាជិកសមាជិកដែលបានចូលរួមផងដែរ៕