(ភ្នំពេញ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំដោយ លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន បានសហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួន ដែលមានទីតាំងនៅតាមផ្លូវអង់តាមិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក មាន ចំណាប់ បានលើកឡើងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពី កុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ០៥កន្លែង នៅទីតាំងខាងលើនេះ គឺមានស្ថានីយ និងដេប៉ូ០១កន្លែង ដែលមានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកដេប៉ូ០១កន្លែងទៀត មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវ តាមបទដ្ឋានរង្វាស់រង្វាល់ ដេប៉ូ ០៣កន្លែងទៀត មិនត្រឹមត្រូវទាំងអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់។
ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យា កែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ តាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។
លោក មាន ចំណាប់ បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេសកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
លោក បញ្ជាក់ទៀតថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ច មុនពេលចាក់តាមដានដំណើរការ នៃលេខកុងទ័រ ដែលត្រូវចាប់ផ្ដើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដាន សេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញ ប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាព ជាយថាហេតុណាមួយ៕