(ចិន)៖ ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ (Starbucks) គឺជាក្រុមហ៊ុនកាហ្វេបរទេសដ៏ធំបំផុតមួយ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនកាហ្វេបរទេស ដែលទទួលបានជោគជ័យលើអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ នៅតែមានទំនុកចិត្តថា អាជីវកម្មរបស់ខ្លួនក្នុងប្រទេសចិន នឹងបន្តរីកចម្រើនទៅមុខទៀត នាពេលអនាគត បើទោះជាក្រុមហ៊ុននេះ កំពុងមានគូប្រជែងកាន់តែច្រើនឡើងៗក៏ដោយ។
នៅជំនាន់ទស្សវត្សឆ្នាំ១៩៩០ កាហ្វេមិនសូវជាមានគេនិយមផឹកប៉ុន្មានទេ ក្នុងប្រទេសចិន។ កាលណោះ ក្រុមហ៊ុន ស្តារបាក់ស៍ (Starbucks) បានជួយបណ្តុះវប្បធម៌ផឹកកាហ្វេ បន្តិចម្តងៗ នៅទីនេះ។
អ្នកនាង ជូឌី លួយ ចូលចិត្តផឹកកាហ្វេ ហើយគាត់យល់ថាហាងកាហ្វេ Starbucks គឺជាកន្លែងផឹកកាហ្វេផង និងជាកន្លែងលំហែកាយផង។
អ្នកនាង ជូឌី លួយ អ្នកចូលចិត្តផឹកកាហ្វេ បានលើកឡើងថា «ខ្ញុំយល់ថាហាងកាហ្វេ Starbucks គឺពិតជាកន្លែងមួយ ដែលលើសពីកន្លែងផឹកកាហ្វេ។ វាជាកន្លែងមួយសម្រាប់ឲ្យយើងចូលក្នុងសង្គម និង លំហែកាយ។
ថ្ងៃនេះ ក្រុមហ៊ុន Starbucks មានហាងកំពុងដំណើរការប្រហែល៣ពាន់ ៣រយកន្លែង នៅ១៤១ទីក្រុង ទូទាំងប្រទេសចិន ដោយមានបុគ្គលិកប្រហែល៤ម៉ឺន ៥ពាន់នាក់។
ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Starbucks មានកំណើនចំនួនអតិថិជន ដែលមកទិញជាប្រចាំ ដល់ទៅបីដងឯណោះ ពោលគឺកើនមកដល់ចំនួនប្រហែល៧លាននាក់។ ដើម្បីឆ្លើយតបនឹងកំណើនអតិថិជននេះ ក្រុមហ៊ុន Starbucks មានគម្រោងពង្រីកហាង នៅក្នុងប្រទេសចិនបន្ថែម ឲ្យកើនដល់៦ពាន់ទីតាំង នៅ២៣០ទីក្រុង។
កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Starbucks បានប្រកាសផែនការយៈពេលវែងដ៏ស៊ីជម្រៅមួយ អំពីការចាប់ដៃគូលក់រាយថ្មី ជាមួយក្រុមហ៊ុន អាលីបាបា។ ក្រុមហ៊ុននេះ បានប្រកាសថា នឹងផ្លាស់ប្តូរវិស័យកាហ្វេ នៅក្នុងប្រទេសចិន។
ការសហការគ្នារវាងក្រុមហ៊ុន Starbucks និងក្រុមហ៊ុន អាលីបាបា លើផ្នែកដឹកជញ្ជូនកាហ្វេ បានចាប់ផ្តើមដំណើរការកាលពីខែកញ្ញា នៅតាមហាងកាហ្វេ Starbucks ចំនួន១៥០កន្លែង នៅទីក្រុងប៉េកាំង និង សៀងហៃ។ គិតត្រឹមចុងឆ្នាំ២០១៨ សេវាដឹកជញ្ជូននេះ នឹងមានផ្តល់ជូននៅតាម២ពាន់ហាង ក្នុង៣០ទីក្រុង។
សូមរំលឹកថា សហរដ្ឋអាមេរិក គឺជាទីផ្សារលក់កាហ្វេដ៏ធំបំផុត របស់ក្រុមហ៊ុន Starbucks បើគិតមកដល់បច្ចុប្បន្ន។ ត្រឹមខែតុលា២០១៧ សហរដ្ឋអាមេរិក មានហាងកាហ្វេជិត១ម៉ឺន ៤ពាន់កន្លែងឯណោះ។ ឯប្រទេសចិនវិញ ជាប់ចំណាត់ថ្នាក់លេខពីរ។ ហើយប្រទេសកាណាដា ជាប់ចំណាត់ថ្នាក់លេខបី ដោយមានហាងកាហ្វេសរុប១,៤៦០កន្លែង។
កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Starbucks រកប្រាក់ចំនូលបាន១៥៦,០០០លានដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក។ ឯប្រាក់ចំនូលដែលរកបាន នៅតាមប្រទេសផ្សេងទៀតទូទាំងពិភពលោក មានសរុបជាង ៤ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែបើទោះជាប្រាក់ចំនូលនេះ មានគម្លាតឆ្ងាយក៏ដោយ ក៏អតិតនាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Starbucks នៅតែមើលឃើញថា ក្រុមហ៊ុនរបស់លោក នឹងមានអនាគតដ៏ភ្លឺស្វាង និងមានការផ្លាស់ប្តូរធំៗមួយចំនួនផងដែរ នាពេលខាងមុខ៕ (សារព័ត៌មាន CCTV របស់ចិន)