(ភ្នំពេញ)៖ ទីបំផុត ! ក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានទម្លាយឯកសារចំណារបដិសេធរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមិនឯកភាពចំពោះសំណើសុំដោះដូរទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលចំណារបដិសេធនេះ បានធ្វើឡើងតាំងពីជិត១ឆ្នាំមុនមកម្ល៉េះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចារមិនឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលស្នើសុំដោះដូរទីតាំងដី និងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅខណ្ឌដង្កោនោះទេ ដែលចំណារនេះបានធ្វើឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។
បើតាមនាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង, មូលហេតុដែលសម្តេចក្រឡាហោម ស ខេង មិនឯកភាពនឹងសំណើសុំដោះដូរទីតាំងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ ក៏ព្រោះតែរដ្ឋមានដី និងថវិកាសម្រាប់ធ្វើកន្លែងថ្មីរួចហើយ។
ការបង្ហាញឯកសារចំណារបដិសេធរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន នាថ្មី២នេះ បានយកសំណើរបស់អគ្គស្នងការនគរបាលជាតិ ទៅផ្សព្វផ្សាយថា រាជរដ្ឋាភិបាល បានសម្រេចដោះដូរទីតាំង អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកថា ការទម្លាយឯកសារផ្ទៃក្នុងទៅផ្សព្វផ្សាយបំភ្លៃបែបនេះ ទំនងជាចេតនាមិនល្អណាមួយ ដើម្បីវាយប្រហារលើសម្តេចក្រឡាហោម ស ខេង និងរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ បានស្នើសុំគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ដើម្បីពិនិត្យ និងសម្រេច ចំពោះការដោះដូរទីតាំង អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទៅសាងសង់អគារថ្មី នៅក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលដោះដូរជាមួយក្រុមហ៊ុន LONG MA INVEST AND REALESTATE Co., LTD។
បើតាមលិខិតរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន, ការស្នើផ្លាស់ប្តូរទីតាំងនេះ ដោយសារតែទីតាំងចាស់ទ្រុឌទ្រោម តូចចង្អៀត ស្របពេលដែលកម្លាំងនគរបាល បច្ចុប្បន្នមានចំនួនកើនឡើង៕