(ចិន)៖ វីដេអូនិងការផ្សាយផ្ទាល់ខ្លីៗ បានកំពុងជួយឱ្យអ្នករកឃ្មុំ នៅឯភាគពាយព្យប្រទេសចិន អាចលក់ទឹកឃ្មុំ និងផលិតផលពាក់ព័ន្ធផ្សេងៗទៀត នៅលើប្រព័ន្ធអ៊ីនធឺណេត ដែលបានកំពុងជួយកាត់បន្ថយភាពក្រីក្រ នៅក្នុងតំបន់នេះ បានដោយជោគជ័យ។
នៅក្នុងស្រុក ឡងណាន (Longnan) នៃខេត្ត កានស៊ូ (Gansu) ដែលមានកម្ពស់ ១៥០០ម៉ែត្រ ពីកម្ពស់ទឹកសមុទ្រ ទឹកឃ្មុំគឺជារបស់ពិសេសប្រចាំតំបន់នេះ។ ទឹកឃ្មុំនៅទីនោះ ផ្សំឡើងដោយរសជាតិលម្អងផ្កាជាង១០០ប្រភេទខុសៗគ្នា។ ប្រជាពលរដ្ឋរៀបរាប់ពីរសជាតិរបស់ទឹកឃ្មុំ ថាមានជាតិខាប់ ប៉ុន្តែមិនផ្អែមខ្លាំងជ្រុលពេកទេ។
កាលពីពីរឆ្នាំមុន នៅក្រោមការដឹកនាំនៃក្រុមហ៊ុនអាជីវកម្មឃ្មុំមួយ អ្នករកឃ្មុំនៅក្នុងស្រុក ឡងណាន បានចាប់ផ្ដើមលក់ទឹកឃ្មុំតាមប្រព័ន្ធអនឡាញ ដែលនេះបានហុចឱកាសដល់ពួកគេ ដើម្បីចាកផុតពីភាពក្រីក្រ។
លោក ស៊ឺ ភីងសឺ សមាជិកក្រុមហ៊ុនអាជីវកម្មឃ្មុំ ធានឡុង និយាយថា «ខ្ញុំកំពុងតែចិញ្ចឹមឃ្មុំមកពីប៉ែកខាងកើត ព្រោះឃ្មុំនេះផ្ដល់ទឹកឃ្មុំដែលមានជាតិខាប់ជាងឃ្មុំធម្មតា ហើយវាសំបូរទៅដោយអាហារូបត្ថម្ភទៀតផង»។
ផលិតផលទាំងនេះ ធ្លាប់តែត្រូវបានលក់ទៅឱ្យអតិថិជនវ័យចំណាស់។ ប៉ុន្តែបច្ចុបន្ននេះ អតិថិជនដែលកើតក្នុងខ្ទង់ទស្សវត្សរ៍៨០ និង៩០ ក៏កំពុងតែក្លាយជាអ្នកទិញធំមួយ ព្រោះពួកគេចំណាយពេលច្រើនជាង ក្នុងការមើលវីដេអូតាមអនឡាយ ការផ្សាយផ្ទាល់ និងលេងហ្គេមទូរស័ព្ទ។
ក្នុងនាមជាអ្នករកឃ្មុំដំបូងគេ និងធំបំផុតមួយ ក្នុងតំបន់ដែលងាកមកប្រើអ៊ីនធើណេតដើម្បីអាជីវកម្ម លោក ស៊ឺ (Shi) និងដៃគូលក់រាយរបស់លោក បានសម្រេចសាកល្បងប្រើ ទីកតុក (Tiktok) ដែលជាកម្មវិធីបណ្ដាញសង្គមមួយ ដែលមានគេប្រើយ៉ាងទូលំទូលាយ សម្រាប់ផ្សព្វផ្សាយផលិតផល។
ឈិន ស៊ាំងហ្វ៊ូ គឺជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាន់រីវ៉ឺ (Sunriver) ដែលជាក្រុមហ៊ុនខ្ជប់ទឹកឃ្មុំរបស់លោក ស៊ឺ (Shi) សម្រាប់លក់តាមអនឡាញ។ លោក ឈិន និយាយថា លោកចង់ប្រើឧបករណ៍ផ្សព្វផ្សាយថ្មីនេះ ដើម្បីលក់ទំនិញតាមអនឡាញ ឱ្យបានច្រើនជាងមុនទ្វេដង។
លោក ឈិន ស៊ាំងហ៊្វូ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sunriver និយាយថា «មនុស្សជំនាន់ថ្មីវ័យក្មេង មានទំនោរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថ្មី ដែលមានការគ្របដណ្ដប់យ៉ាងទូលំទូលាយ។ យើងចង់ធ្វើឱ្យកិត្តិនាមស្លាកយីហោរបស់យើង កាន់តែប្រសើរឡើងតាមរយៈលំនាំមួយនេះ»។
សព្វថ្ងៃ ជាងមួយភាគបីនៃទឹកឃ្មុំរបស់ក្រុមហ៊ុន សាន់រីវ៉ឺ (Sunriver) ត្រូវបានលក់នៅតាមប្រព័ន្ធអនឡាញ។
ទឹកឃ្មុំមិនត្រឹមតែជាផលិតផល ប្រចាំតំបន់តែមួយមុខ ដែលត្រូវបានផ្សព្វផ្សាយសម្រាប់តែយុវជនទេ។ ក្រុមហ៊ុន ឡានយី ខាល់ឆឺ (Lan Yi Culture) ជាផលិតកម្មមួយដែលបានជួយ សាន់រីវ៉ឺ (Sunriver) និងផលិតវីដេអូ ដើម្បីទាក់ទាញអតិថិជនវ័យក្មេង។
អ្នកស្រី លាវ យ៉ាតុង ម្ចាស់ក្រុមហ៊ុន Lan Yi Culture ក្នុងស្រុក ឡងណាន និយាយថា «ការផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុក បានចាប់ផ្ដើមងើបឡើងក្នុងស្រុក ឡងណាន (Longnan) នៅអំឡុងដើមឆ្នាំ2018 ហើយវាមានវិធីថ្មីៗជាច្រើន»។
បន្ថែមលើវីដេអូខ្លីៗ អ្នកនាង លាវ បានជួយផ្សាយផ្ទាល់វីឌីអូតាមអនឡាញ សម្រាប់អតិថិជននិងកសិករក្នុងស្រុក។ ហើយវីឌីអូខ្លះ មានគេចូលមើលដល់ទៅរាប់លាននាក់ឯណោះ។ កសិករនៅទីនេះ ត្រូវចំណាយប្រមាណ 150 ដុល្លារអាមេរិក សម្រាប់ថ្លៃផលិតវីដេអូខ្លីមួយដែលផលិតដោយក្រុមហ៊ុនអ្នកនាងលាវ។ តម្លៃនេះ គឺកសិករអាចមានលទ្ធភាពបង់ ហើយវាក៏ថោកជាងតម្លៃផ្សព្វផ្សាយតាមបែបទូទៅដែរ។
នៅពេលដែលកសិករកាន់តែថ្នឹកនឹងបច្ចេកវិទ្យា ភាគច្រើននៃពួកគេ បានចាប់ផ្ដើមថត ផលិត និងចេញផ្សាយវីដេអូដោយខ្លួនឯង ជាបណ្តើរៗហើយ៕ (សារព័ត៌មាន CCTV របស់ចិន)