(កែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើងថា បញ្ហាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយសប្បុរសធម៌នេះ ដែលបានឆ្លើយតបជាវិជ្ជមាន ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាតម្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋនៅទីជនបទ។
ការថ្លែងបែបនេះ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការ «ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប» នៅព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនវ៉ធើម៉ិចថេកណូឡូជី (WATERMECH TECHNOLOGIES Co., Ltd.) និង ក្រុមហ៊ុន អ៊ីហ្សាវ៉តធើយូធីលី (Isza Water Utilities Co., Ltd.) ម៉ាឡេស៊ី។
លោកបានគូសបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនេះ ជាបច្ចេកវិទ្យាមកពីប្រទេសម៉ាឡេស៊ី និងផលិតនៅប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នក្រុមហ៊ុនបានកំពុងដំឡើង រោងចក្រនៅប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផលិត។ ប្រព័ន្ធប្រព្រឹត្តកម្មនេះ មានសមត្ថភាពផលិតបានពី៤ទៅ៥ម៉ែត្រគូប ក្នុងមួយម៉ោង និងមានអត្ថប្រយោជន៍ជាច្រើនរួមមាន ប្រព័ន្ធសម្លាប់មេរោគ មានរូបរាងតូចងាយស្រួលក្នុងការដំឡើង ធ្វើពីស្មាច់ ជាប់បានយូរ មានទម្ងន់ស្រាលអាចចល័តបាន និងតម្រូវការប្រើបា្រស់ថាមពលអគ្គិសនី តិចសម្រាប់ដំណើរការប្រព័ន្ធទាំងមូល។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតមួយនេះ ចំណាយទឹកប្រាក់សរុបអស់ចំនួន ៣១.៩០៨,៩៤ដុល្លារ ក្នុងការសាងសង់ដែលអាចផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋនៅក្បែរនេះចំនួន៣ភូមិគឺ ភូមិចំការបី ភូមិចំការចេកនិងភូមិអន្ទង់ស។ ដើម្បីឲ្យការសម្អាតទឹកបានល្អ ប្រកបដោយគុណភាព ប្រព័ន្ធនេះត្រូវការបញ្ជូនទឹកឆ្លងកាត់ បីដំណាក់កាលគឺ ឆ្លងកាត់អាងពង្រងកករថ្លា (Flocculation) ឆ្លងកាត់អាងច្រោះខ្សាច់ (Filtration) និងចូលក្នុងប្រព័ន្ធលាយសារធាតុផ្តុំកករ និងបញ្ចូលក្លរសម្លាប់មេរោគ (treatment water)។
លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា បងប្អូនប្រជាពលរដ្ឋពិតជាមានឱកាសល្អ ដែលនឹងទទួលបានទឹកស្អាតពីប្រព័ន្ធថ្មីមួយនេះ ដោយសារតែ ក្រុមហ៊ុន វ៉ធើម៉ិចថេកណឡជី WATERMECH TECHNOLOGIES Co., Ltd. និង ក្រុមហ៊ុន អ៊ីហ្សាវ៉តធើយូធីលី Isza Water Utilities Co., Ltd. (ម៉ាឡេស៊ី) បាននាំយកមកនូវបច្ចេកវិទ្យាថ្មី និងអាចសម្អាតទឹកបានគុណភាពខ្ពស់ ស្ទើរតែចាត់ចូលក្នុងគុណភាពទឹកផឹកទៅហើយ។ នៅពេលដែលបងប្អូន ប្រជាពលរដ្ឋបានទទួលទឹកស្អាត ហើយមានគុណភាពល្អបែបនេះ សូមបងប្អូនប្រជាពលរដ្ឋ ពិចារណា ប្រៀបធៀបរវាងការដែលយើងប្រើទឹកឆៅ ដងចេញពីស្រះ ឬបឹងមកទទួលទាន ជាមួយនឹងកាលដែលយើងមានទឹកស្អាតប្រើប្រាស់ ទោះជាយើងមានការបង់ចំណាយខ្លះមែន តែជាថ្នូរដែលទទួលបានមកវិញ គឺបញ្ហាសុខភាពជាបញ្ហាចម្បង និងចាំបាច់ដែលយើងគួរតែធ្វើការដោះដូរ។ សុខភាពល្អនេះហើយជាតម្លៃនៃជីវិតរស់នៅ របស់យើងទាំងអស់គ្នា។
លោកកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់បន្ថែមថា បើយើងប្រៀបធៀបទៅនឹងតម្លៃទឹកស្អាត ដែលឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគរួច និងផឹកបានដូចគ្នា ដូចជាទឹកបរិសុទ្ធច្រកដបលក់ បច្ចុប្បន្នក្នុង១ដប ចំណុះ ៥០០មីលីលីត្រ (កន្លះលីត្រ) តម្លៃ ១.០០០រៀល ដូចនេះបើប្រជាពលរដ្ឋទិញទឹកពិសាដបចំនួន ១ ប៊ីដុងចំណុះ៣០លីត្រ ស្មើនឹង ៦០ដប ប្រជាពលរដ្ឋត្រូវចំណាយប្រាក់ដល់ទៅ ៦០.០០០រៀល ឯណោះ។ តែសម្រាប់ទឹកស្អាតដែលច្រោះចេញ ពីប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតតូចនេះ ហើយដែលមានគុណភាពតាមស្តង់ដារ ទឹកផឹកដូចគ្នាប្រៀប ទៅនឹងទឹកបរិសុទ្ធ ច្រកដបគឺប្រជាពលរដ្ឋចំណាយតែ ១០០រៀលប៉ុណ្ណោះ ក្នុងទឹកបរិសុទ្ធចំនួន ៦០ដប ដែលនេះជាតម្លៃមួយថោកមែនទែន ដោយសារតែយើងគិតទៅដល់ជីវភាព និងសុខភាពប្រជាពលរដ្ឋជាធំ។
លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតតូចនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិមួយចំនួនក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដែលបានទន្ទឹងរង់ចាំ ទឹកស្អាតប្រើបា្រស់ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងមានទឹកគ្រប់គ្រាន់ ជាពិសេសប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលកំពុងរួមចំណែកពង្រីកសេវាផ្គត់ផ្គង់ ទឹកស្អាតឲ្យកាន់តែមានវិសាលភាព គ្របដណ្តប់គ្រប់ទីកន្លែង ព្រមទាំងលើកស្ទួយសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបានទឹកស្អាតប្រើប្រាស់ និងមានអនាម័យល្អ រស់នៅប្រកបដោយសុខមាលភាព មានជីវភាពល្អប្រសើរ និងមានបរិស្ថានល្អ ហើយនេះគឺជាការរួមចំណែកពិតបា្រកដ ដល់ការអនុវត្តន៍កម្មវិធីនយោបាយកាត់បន្ថយ ភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា៕