(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបញ្ជូនបុរសជាតិចិនតៃវ៉ាន់ម្នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធរឿង ដឹកគ្រឿងញៀនពីកម្ពុជា ក្នុងគោលបំណងយកចេញទៅប្រទេសផ្សេង។

តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យចិនរូបនេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខ 462923​ មានសញ្ជាតិចិនតៃវ៉ាន់។

របាយការណ៍សមត្ថកិច្ចដដែលបញ្ជាក់ទៀតថា ជនសង្ស័យរញបនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ចំណុចក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងនោះ សមត្ថកិច្ចបានរកឃើញ គ្រឿងញៀនប្រភេទ METHAMPHETAMINE ចំនួន(៤កញ្ចប់)ទម្ងន់ ចំនួន ១,៩៩៤.៧២ ក្រាម ត្រូវជនសង្ស័យច្រកស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន ក្នុងគោលបំណងនាំចេញទៅប្រទេសផ្សេងទៀត៕