(ភ្នំពេញ)៖ រថយន្ដដឹកអ្នកជំងឺ នៃមន្ទីរសម្រាកព្យាបាល ​សម្ភពរស្មី របស់អ្នកស្រី ឃឹម រ៉ានី ដែលជាម្ចាស់គ្លីនិក ត្រូវបានកម្លាំងអាវុធហត្ថ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ឃាត់ដោយសារតែម្ចាស់គ្លីនិកឯកជនរូបនេះ នៅតែបំពានច្បាប់ ដោយលួចបញ្ចេញរថយន្ដរបស់ខ្លួន ទៅដឹកអ្នកជំងឺដែលរងគ្រោះថ្នាក់ចរាចរណ៍ នៅតាមទីសាធារណៈមកព្យាបាល នៅគ្លីនិចរបស់ខ្លួននោះ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្ដរបស់គ្លីនិចរស្មីមួយគ្រឿង ត្រូវបានអាវុធហត្ថ និងមន្ដ្រីមន្ទីរឃាត់យកទៅរក្សាទុក នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់គ្លីនិកចុះទៅដោះស្រាយ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីពួកគេនៅតែលួចបញ្ចេញរថយន្ដទៅដឹកអ្នកជំងឺ ដែលរងគ្រោះថ្នាក់ចរាចរណ៍ នៅតាមទីសាធារណៈ ដែលក្រសួងសុខាភិបាលធ្លាប់បាន ចេញសេចក្ដីសម្រេច ហាមឃាត់រាល់រថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិកទាំងអស់ ធ្វើសកម្មភាពដឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ និងធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។

ប្រធានមន្ទីរសុខាភិបាលរូបនេះ ក៏បានព្រមានផងដែរ ចំពោះគ្លីនិកមួយនេះ បើនៅបន្ដលួចបញ្ជូនរថយន្ដទៅដឹកជនរងគ្រោះ ដែលខុសច្បាប់នេះតទៅទៀត នឹងចាត់វិធានការណ៍តាមច្បាប់។

ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ថា នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ រថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិករស្មីរបស់អ្នកស្រី ឃឹម រ៉ានី បានចេញទៅដឹកជនរងគ្រោះម្នាក់ ដែលរងគ្រោះថ្នាក់ដោយសារចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ រួចយកទៅដាក់នៅគ្លីនិករបស់ខ្លួន ទល់មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ប៉ុន្ដែភ្លាមៗត្រូវកម្លាំងអាវុធចុះទៅឃាត់ ហើយទាក់ទងទៅកាន់រថយន្ដសង្គ្រោះបន្ទាន់របស់ក្រុម 711 នៃកងពលតូចថ្មើរជើងលេខ៧០ ដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ដ។

សូមបញ្ជាក់ថា គ្លីនិករបស់អ្នកស្រី ឃឹម រ៉ានី ដែលពីមុនឈ្មោះថា «មន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី» នោះ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបិទអាជីវកម្មតែម្ដង ក្រោយអនុវត្ត ខុសបច្ចេកទេស និងមានការរិះគន់ជាច្រើន ចំពោះការចេញប្រតិបត្តិការដើរដឹកអ្នកជំងឺនៅតាមទីសាធារណៈ យកទៅព្យាបាលនៅកន្លែងរបស់ខ្លួន ដែលមានតម្លៃខ្ពស់ ប៉ុន្ដែក្រោយក្រសួងសុខាភិបាល និងអាជ្ញាធរបិទអាជីវកម្ម អ្នកស្រី ឃឹម រ៉ានី បានទៅបើកគ្លីនិកថ្មីទៀត ដោយដាក់ឈ្មោះថា «មន្ទីរសម្រាកព្យាបាល សម្ភព រស្មី» ដោយមួយទីតាំងនៅតាមផ្លូវម៉ុងឫទ្ធី និងមួយទីតាំងទៀត នៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ បានជូនដំណឹងទៅកាន់អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីចូលរួមកិច្ចសហការទប់ស្កាត់រថយន្ដគីលានសង្គ្រោះគ្លីនិកឯកជន ដែលធ្វើសកម្មភាពដឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ និងធ្វើសកម្ម​ភាពខុសច្បាប់ផ្សេង ដោយប្រើស្លាកសញ្ញាកាកបាទ និងប្រើប្រាស់ស៊ីរ៉ែន ក្លែងបន្លំជារថយន្ដគីលាន្ដសង្គ្រោះ។

យោងតាមវីដេអូដែល Fresh News ទទួលបាននៅយប់មិញ ពេលដែលរថយន្ដសង្គ្រោះរបស់អង្គភាព 711 ជាមួយកម្លាំងអាវុធហត្ថចុះទៅឃាត់រថយន្ដ ដល់គ្លីនិករបស់ខ្លួន និងដឹកអ្នកជំងឺទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត ស្រាប់តែអ្នកស្រី ឃឹម រ៉ានី បានស្រែកឡូឡា និងតវ៉ាយ៉ាងខ្លាំងផងដែរ៕​