(ស្វ៉ីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិដល់សព្វថ្ងៃបានប្រកាសថែរក្សាការពាររបបរាជានិយមមិនឱ្យបាត់បង់។ សម្តេចតេជោ បានថែមទាំងបានប្រើនូវពាក្យធ្ងន់ៗថា បើសិនជានរណាម្នាក់ចង់បំផ្លាញរាជានិយមនៅក្នុងប្រទេសកម្ពុជានោះ ត្រូវតែរំលងសពសម្តេចជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃខួបលើកទី២៧ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្តេចតេជោ ហុន សែន បានគូសបញ្ជាក់អំពីនិស្ស័យចូលចិត្តរបបរាជានិយម និងការត្រង់ត្រាប់អនុវត្តតាមព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រតាំងពីដើមមក។ សម្តេចរំលឹកថា សម្តេចបានចូលព្រៃម៉ាគី តាមការអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ ដើម្បីប្រឆាំងនឹងកងទ័ព លន់ នល់ ដែលរំលាយរបបរាជានិយម ហើយនាំកម្ពុជាទៅកាន់របបសាធារណរដ្ឋ។ បន្ទាប់ពីជោគជ័យក្នុងការយកឈ្នះលើរបបសាធារណរដ្ឋ ហើយផ្តួលខ្មែរក្រហម ដែលដើរខុសផ្លូវនោះ សម្តេចបានបង្កើតរបបរាជានិយមជូនកម្ពុជាឡើងវិញ បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយសារខ្លួនធ្លាប់រស់នៅក្នុងរបបរាជានិយម ហើយក៏ដោយសារខ្លួនធ្លាប់ចូលព្រៃតាមការអំពាវនាវរបស់ព្រះមហាក្សត្រ ដែលពេលនោះជាប្រមុខរដ្ឋ ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រក្នុងរបបរាជានិយម។ ខ្ញុំត្រូវតែរួមចំណែកបង្កើតឡើងវិញនូវរបបរាជានិយមនេះឯង។ ខ្ញុំបាននិយាយហើយ និយាយទៀត បើចង់បំផ្លាញរាជបល្ល័ង្គ ចង់បំផ្លាញរាជានិយម ត្រូវកន្លងសពរបស់ ហ៊ុន សែន សិន ខ្ញុំបានផ្តាំកូនផ្តាំចៅរបស់ខ្ញុំថា ត្រូវតែការពាររបបរាជានិយម»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងបុគ្គលមួយចំនួន ដែលមិនពេញចិត្តនឹងរបបរាជានិយម ដោយសារតែបុគ្គលទាំងនោះបានរិះគន់ថា ប្រទេសដែលកាន់របប រាជានិយមមិនមានការអភិវឌ្ឍ ដូចប្រទេសសាធារណរដ្ឋ។ ប៉ុន្តែជុំវិញការលើកឡើងនេះ សម្តេចឱ្យជនទាំងនោះក្រលែកមើលប្រទេសប៊ែលហ្សិកដែលមានស្តេច និងប្រទេសអង់គ្លេសជាដើម ដែលប្រទេសរាជានិយមទាំងនេះនៅតែមានការរីកចម្រើនខ្ពស់។
សម្តេចបានចាត់ទុកអ្នករិះគន់លើរបបរាជានិយមនោះ គឺជាក្រុមតែមួយនឹងក្រុមដែលបានផ្តួលរំលំរបបរាជានិយមកាលពីអតីតកាល និងជាក្រុមដែលក្បត់ព្រះមហាក្សត្រ ហើយទៅចូលរួមជាមួយប្រទេសដទៃ។
សម្តេចបានលើកឡើងថា «គេជាអ្នកបណ្តេញស្តេចយើងចេញ ហើយខ្ញុំជាអ្នកយាងចូលត្រឡប់មកវិញ ខ្ញុំបានបោះឆ្នោតជ្រើសរើសស្តេច២លើកហើយ លើកទី១ សម្តេចឪ លើកទី២ គឺព្រះមហាក្សត្របច្ចុប្បន្ន ក្នុងនាមជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ។ អញ្ចឹង ខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាកូនខ្មែរ ប៉ុន្តែមិនមែនជាកូនអ្នកក្បត់ស្តេចនោះទេ ដឹងហើយកូនអាអ្នកក្បត់ស្តេចនោះ គឺអាមួយណា»។
កូនជនក្បត់ព្រះរាជាដែលសម្តេចចង់និយាយសំដៅនោះ ទំនងជាគ្មាននរណា ក្រៅពីលោក សម រង្ស៊ី ដែលជាកូនប្រុសបង្កើតរបស់ លោក សម សារី ជាឥស្សរជនមួយរូប ដែលត្រូវបានថ្កោលទោសដោយអតីតព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ក្បត់ទឹកដី ក្នុងសម័យសង្គមរាស្រ្តនិយម។
យោងតាមឯកសាររបស់ «សមាគមឯកសារវិទូខ្មែរ» បានរៀបរាប់ថា លោក សម សារី ក្នុងអំឡុងឆ្នាំ១៩៥៦ បានលួចឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងចេតនាផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ ដែលជាប្រមុខដឹកនាំបានផ្តល់គុណូបការៈគុណជាច្រើនសម្រាប់រូបលោក។ ល្បិចកិច្ចកលរបស់លោក សម សារី ក្នុងការដណ្តើមអំណាចនេះ ធ្វើឲ្យព្រះប្រមុខរដ្ឋ សម្ត្តេច នរោត្តម សីហនុ ដឹងជាមុន ហើយបានប្រកាសដកតំណែង និងឋានន្តរស័ក្តិសព្វបែបយ៉ាង។
ព្រោះតែខឹងការបាត់បង់តំណែង និងបុណ្យស័ក្តិនេះលោក សម សារី បានបង្កើតកាសែតមួយឈ្មោះថា «រាស្ត្រធិបតី» ជាភាសាខ្មែរ-បារាំង ធ្វើការតិះទៀនយ៉ាងចាស់ដៃលើការដឹកនាំរបស់សម្ដេច នរោត្តម សីហនុ។ កាសែតនេះចេញផ្សាយលើកទី១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៨។
លុះដល់ឆ្នាំ១៩៥៩ លោក សម សារី បានបង្កើតគណបក្សមួយឈ្មោះថា «ប្រជុំខ្មែរប្រជាធិបតេយ្យ» ដោយបង្ហាញជំហរស្ដាំនិយម និងធ្វើការប្រឆាំងយ៉ាងងុបងុលជាមួយរបបដឹកនាំរបស់សម្តេច នរោត្តម សីហនុ ហើយបានលួចឃុបឃិតជាមួយក្រុមចលនាបះបោរតាមទល់ដែនខ្មែរ-ថៃ ដើម្បីរំលំរបបសង្គមរាស្រ្តនិយម។ ផែនការក្បត់របស់លោក សម សារី បានធ្វើឲ្យសភាបោះឆ្នោតឲ្យចាប់ខ្លួន ហើយលោកក៏បានភៀសខ្លួនទៅប្រទេសវៀតណាមខាងត្បូងជារៀងរហូត។
អំពើក្បត់របស់លោក សម សារី ធ្វើឲ្យគ្រួសាររបស់លោករួមមាន ភរិយា, ឪពុក និងកូន ត្រូវបានដកតំណែង និងបង្ខំឲ្យឈប់ពីការងាររដ្ឋ។ លោកស្រី អ៉ិន អេម បន្ទាប់ពីចាប់ដាក់គុកមួយរយៈ ក៏បានដោះលែងវិញ តែត្រូវកម្លាំងសមត្ថកិច្ចឃ្លាំមើលមិនឲ្យចេញពីផ្ទះ ទើបដល់ឆ្នាំ១៩៦៥ ទើបគ្រួសារគាត់បានទទួលការអនុញ្ញាតឲ្យចេញពីកម្ពុជា។
ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជាពលរដ្ឋបានរិះគន់ និងតិះដៀលយ៉ាងខ្លាំងចំពោះអំពើក្បត់របស់លោក សម សារី។ ផ្ទាំងរូបគំនូររបស់ សម សារី ជាឆ្កែ និងសរសេររំលេចថា «សម សារី ឆ្កែខ្ញុំ មិនតូចមិនធំ ទ្រង់ទ្រើសជាងខ្លា ត្រចៀកកញ្ច្រើប មុខច្បូញដូចស្វាស៊ីឆ្អែតកាលណា បែរខាំម្ចាស់វិញ» មានបិទនៅ តាមសាលាឃុំ ឬ កន្លែងសាធារណៈ។
ទន្ទឹមនឹងការរំលឹកដើមជនក្បត់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន ដែលបានក្លាយជាកូនធម៌របស់សម្តេចឪ អំឡុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនោះ បានសម្តែងការខឹងសម្បាចំពោះ ជនទាំងឡាយដែលបានប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្របច្ចុប្បន្នផងដែរ។ សម្តេចជឿជាក់ថា ជនទាំងនោះមិនស្ថិតនៅក្នុងប្រទេសនោះទេ គឺភាគច្រើននៅក្រៅប្រទេស ហើយជនដែលប្រមាថព្រះមហាក្សត្រនៅក្នុងប្រទេសកន្លងមក ក៏ត្រូវបានចាប់ផ្តន្ទាទោសតាមច្បាប់ផងដែរ។
សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «ឪម៉ែរបស់ប្រទេស គេហៅស្តេចផែនដី។ ការគោរពព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋអស់មួយជីវិត»៕