(ស្វីស)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើសិនជាកូនប្រុសច្បងរបស់សម្ដេច គឺលោក ហ៊ុន ម៉ាណែត មានសមត្ថភាពអាចឲ្យប្រជាពលរដ្ឋបោះឆ្នោត ជាប់ធ្វើជានាយករដ្ឋមន្ដ្រី នោះលោក ហ៊ុន ម៉ាណែត នឹងត្រូវឡើងកាន់តំណែង ហើយសម្ដេចក៏អនុញ្ញាតឲ្យធ្វើការងារនេះ។
ក្នុងពិធីសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាគ្មានលក្ខខណ្ឌដែលសម្ដេចត្រូវរុញឲ្យកូនប្រុសសម្ដេច ឡើងធ្វើជានាយករដ្ឋមន្ដ្រីនោះទេ ព្រោះថាពេលនេះ សម្ដេចជានាយករដ្ឋមន្ដ្រីទៅហើយ វាមិនចាំបាច់អីត្រូវរុញកូនឲ្យមកកាន់តំណែងជាអ្នកគ្រប់ប្រទេសនោះឡើយ។
ការអះអាងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់មានកាសែតមួយបានផ្សាយថា សម្ដេចបានរុញឲ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជា មេបញ្ជាការកងទ័ពជើងគោក ឡើងធ្វើជានាយករដ្ឋមន្ដ្រី ហើយត្រូវសម្ដេចចំអកទៅកាសែតមួយនោះវិញថា «បើសម្តេចធ្វើនាយករដ្ឋមន្រ្តីហើយ តើកូនមកដណ្តើមតំណែងនេះធ្វើអ្វី?»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានអាកាសែតណាមួយ ឃើញគេវាយឲ្យខ្ញុំ គេថា លោក ហ៊ុន សែន ហាក់ដូចជាកំពុងជំរុញកូនប្រុសច្បង ឲ្យឡើងធ្វើជានាយករដ្ឋមន្ដ្រី ប៉ុន្ដែចំពោះមុខនេះហាក់ដូចជា មិនមែនសញ្ញាណាអំពីការរុញឲ្យកូនប្រុសធ្វើនាយករដ្ឋមន្ដ្រីទេ។ ខ្ញុំគួរតែប្រាប់អស់លោកអ្នកថា បើឪវាកំពុងធ្វើហើយ វាមកដណ្ដើមធ្វើអី។ ខ្ញុំដូចជាឆ្ងល់ដែរ វាសរសេរមិនឡូហ្ស៊ិច»។
សម្ដេចបានបន្ដទៀតថា «សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ មានការចាំបាច់ដើម្បីដណ្ដើមយកតំណែង នាយករដ្ឋមន្ដ្រីពី ហ៊ុន សែន ទេនៅពេលដែលការឃោសនាបោះឆ្នោតប្រើឈ្មោះ ហ៊ុន សែន ដើម្បីឃោសនានោះ ពិតជាគ្មានការចាំបាច់ធ្វើរឿងនេះទេ។ ឯប្រទេសរបស់យើង ជាប្រទេសប្រជាធិបតេយ្យ ខ្ញុំមិនដឹងថាផ្សព្វព្រេងវាសនារបស់ខ្ញុំវាយ៉ាងមិចទេ បើគេមានលទ្ធភាពឲ្យគេជាប់ឆ្នោត ឲ្យគេធ្វើទៅ រឿងវាអីចឹង»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា គោលបំណងរបស់សម្ដេច គឺមិនចង់ឲ្យកូនប្រុសរបស់សម្ដេច មកជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយនោះទេ ប៉ុន្ដែសម្ដេចមិនអាចហាមបាននោះឡើយ ហើយរហូតដល់ពេលនេះចៅស្រីរបស់សម្ដេចម្នាក់ កំពុងតែរៀនផ្នែកនយោបាយថែមទៀតផង។
សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងកាន់តំណែងជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕