(តាកែវ)៖ ស្រ្តីសង្ស័យ២នាក់ លួចដឹកកញ្ឆាក្រៀមទៅលក់នៅវៀតណាមជាច្រើនលើកច្រើនសារ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ច តែលើកនេះស៊យធំភ្លាត់ស្នៀត លួចធ្វើសកម្មភាពដឹកកញ្ឆាក្រៀមទៅទៀត ទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ខេត្តតាកែវ ធ្វើការចាប់ខ្លួនជាប់។ ហេតុការណ៍បង្រ្កាបក្រុមរកស៊ីកញ្ឆាក្រៀមឆ្លងដែននេះ ធ្វើឡើងនៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ២ ក្នុងភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្រ្កាបករណីការដឹកជញ្ជូនកញ្ឆាក្រៀមខុសច្បាប់នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១៖ ឈ្មោះ គ្រួយ ស៊ីវទាង អាយុ៣០ឆ្នាំ និងទី២៖ ឈ្មោះ ភាព លាងហ៊ត អាយុ២៨ឆ្នាំ ទាំងពីរនាក់រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងវត្ថុកញ្ឆាក្រៀមចំនួន១១គីឡូក្រាម និងម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU- 3756។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានរកស៊ី និងដឹកជញ្ជូនកញ្ឆាក្រៀមមានបំណងយកទៅលក់នៅវៀតណាមពិតប្រាកដមែន ហើយការកស៊ីដឹកកញ្ឆាក្រៀមឆ្លងដែន ទៅលក់នៅប្រទេសវៀតណាមរបស់ពួកគេ គឺបានធ្វើច្រើនលើកច្រើនសារមកហើយដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងកាជួញដូគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមច្បាប់៕