
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារសព លោកឧត្តមសេនីយ៍ឯក ជា ម៉ន ក្រោយទទួលមរណភាព នៅជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ
24-10-2018 12:14
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី មាស សន ចំពោះមរណភាព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវជាស្វាមីលោកស្រី បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខទុក្ខជាមួយគ្នា ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមចំលែកទុក្ខនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត៕