(ភ្នំពេញ)៖ គណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (ICRC) បើកយុទ្ធនាការរៃអង្គាសប្រាក់ជួយឧបត្ថម្ភសាងសង់ដំបូលរានបាល់បោះ ជូននារីបាល់រទេះជនពិការ ស្ថិតក្នុងមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តបាត់ដំបង។
បើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ICRC រៃអង្គាសប្រាក់ចំនួន៩៥,០០០ដុល្លារ ហើយយុទ្ធនាការនេះ នឹងដំណើរការក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា ក្រុមបាល់រទេះនារីកម្ពុជា មានសមាជិកចំនួន២២រូប ដែលក្នុងនោះមានអាយុចាប់ពី២២ ដល់៣៥ឆ្នាំ ហើយសមាជិកខ្លះពិការដោយសារគ្រាប់មីន ខ្លះទៀតពិការដោយសារជំងឺ ឬហៅកាត់ថាប៉ូលីយ៉ូ ដោយសារកង្វះការទទួលបានវ៉ាក់សាំងក្នុងប្រទេស។
កីឡាបាល់បោះបានកែប្រែជីវិតរបស់ពួកគេ ពោរពេញទៅដោយទំនុកចិត្ត ពួកគេបានឲ្យដឹងថា កីឡានេះមិនត្រឹមតែបានផ្លាស់ប្ដូរជីវិតគេឲ្យទៅជាអត្ដពលិកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឲ្យពួកគេក្លាយជាមនុស្សដែលមានតម្លៃផងដែរ។
លោក ឌែនវើវ័ ក្រាហាម ប្រធានគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទា បានឲ្យដឹងថា ទឹកប្រាក់ដែលបានមកពីការរៃអង្គាសនេះ នឹងផ្ដល់ជាធនធានមួយក្នុងការជួយជំរុញពួកគេ ឲ្យខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីពង្រឹងសមត្ថភាពក្រុមឲ្យមានបានកាន់តែប្រសើរជាងនេះ ដើម្បីសម្រេចនូវក្ដីប្រាថ្នារបស់ពួកគេចេញទៅប្រកួតប៉ារ៉ាអូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ឆ្នាំ២០២០៕