(ស្វីស)៖ ថ្លែងចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅចំពោះមុខប្រជាពលរដ្ឋខ្មែរជិត១ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ជាថ្មីម្តងទៀតដល់សហគមន៍អឺរ៉ុប សូមកុំប្រព្រឹត្តកំហុងលើកទី៣ មកលើប្រទេសកម្ពុជា។
កំហុសលើកទី៣ គឺការចង់ដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms-EBA) ពីកម្ពុជាដោយហេតុផលមិនសមរម្យមួយចំនួន ជឿតាមសម្តីក្រុមប្រឆាំង។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីយ៉ាងដូច្នេះថា «ខ្ញុំប្រាប់ពួកអឺរ៉ុប ខ្ញុំថាសុំកុំធ្វើកំហុសលើកទី៣អី ! កំហុសលើកទី១ ខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែគាំទ្ររដ្ឋប្រហារយោធាមួយនៅកម្ពុជា។ កំហុសទី២ នៅពេលដែលយើងបានផ្តួលរំលំរបប ប៉ុល ពត រួចហើយ ពួកគេបានគាំទ្រឲ្យពួក ប៉ុល ពត អង្គុយនៅអង្គការសហប្រជាជាតិ ១២ឆ្នាំទៀត....ហ៊ុព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសយើង។ អីចឹងឥឡូវនេះសុំកុំធ្វើកំហុសលើកទី៣ [ចង់សំដៅលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA] »។
គួររំលឹកថា នៅចំពោះមុខតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៉ិក, សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ពាក់ព័ន្ធបញ្ហាការចង់ដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីកម្ពុជា ដោយសម្តេចបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនអឺរ៉ុបដក EBA ក្លាយជាការពិតមែននោះ អឺរ៉ុបនឹងក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តកំហុសចំពោះកម្ពុជាជាលើកទី៣។
ប៉ុន្តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា យូរនិងឆាប់កម្ពុជានឹងបាត់បង់ EBA នេះជាមិនខាន ដោយសារតែប្រទេសកម្ពុជានឹងឈាន ទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមួយក្នុងកម្រិត លែងទទួលបានការអនុគ្រោះពន្ធនេះ នៅពេលខាងមុខ។
ពាក់ព័ន្ធនឹងបំណងចង់ដកការអនុគ្រោះពន្ធរបស់ គណៈកម្មការអឺរ៉ុបនេះដែរ មិនទទួលបានការសាទរឡើយពីក្រុមហ៊ុនធំៗរបស់ពួកគេ។ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ វានិងធ្វើឲ្យបះពាល់ដល់ បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU ។ ប្រសិនជាមានការអនុវត្តនូវ EBA មែននោះ តម្លៃទំនិញនិងមានការកើនឡើងរហូតដល់១២% ដែលនាំចូលមកទីផ្សារអឺរ៉ុប ដែលនោះ គឺជាការខាតបង់ដល់ច្រើននៅតំបន់អឺរ៉ុប៕