សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារសព ឧត្តមសេនីយ៍ឯក ជា ម៉ន ក្រោយទទួលមរណភាព នៅជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ
24-10-2018 09:28
(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី មាស សន ចំពោះមរណភាព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវជាស្វាមីលោកស្រី បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ និងជាការបាត់បង់កុលបុត្រ វីរយុទ្ធមួយរូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ និងជាប្រជាជនគ្រប់ដំណាក់កាល។
សម្ដេចពិជ័យសេនា ទៀ បាញ់ និងភរិយា សូមចូលរួមចំលែកទុក្ខនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត៕