(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៩នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤៦លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៣៦នាក់, របួសធ្ងន់២៧៣នាក់ និងរបួសស្រាល១២៥នាក់៕