(ប៊ែលហ្សិក)៖ កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ី និងអឺរ៉ុបមកពី៥១ប្រទេស នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ត្រូវបានបញ្ចប់នៅថ្ងៃទី១៩ ខែតុលាកន្លងទៅនេះ។ បណ្តាញព័ត៌មានខ្មែរយើងជាច្រើនបានផ្សព្វផ្សាយផ្តោតទៅលើបាតុកម្ម ការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធលើវិស័យកាត់ដេរ និងការមកទទួលស្វាគមន៍មេដឹកនាំជាដើម ប៉ុន្តែនៅខ្វះព័ត៌មានមួយចំនួនទៀត ដែលមិត្តអ្នកអានអាចចង់ដឹងថា មានព័ត៌មានអ្វីប្លែកៗទៀតនៅប្រទេសជាម្ចាស់ផ្ទះ។ ដើម្បីបំពេញបំណងនេះ ខ្ញុំសូមរំលេចរឿងរ៉ាវក្រៅឆាកខ្លះៗដូចតទៅ៖
* ពីភ្នំពេញ ទៅប្រ៊ុចសែល៖ បេសកកម្មកូននាយករដ្ឋមន្រ្តីមុនដំណើររបស់ឪពុកទៅដល់
សម្រាប់អ្នកកាន់កិច្ចការរដ្ឋឬផែ្នកពិធីការ ពុំមានអ្វីប្លែកឡើយចំពោះព័ត៌មានដែល លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងបង្អស់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវធ្វើដំណើរអមឪពុក ឬត្រូវចេញដំណើរទៅមុន ដើម្បីជួយរៀបចំការងារមួយចំនួនដែលចាំបាច់ត្រូវធ្វើក្នុងតួនាទីរបស់លោកជាប្រធានក្រុមការងារយុវជននៅក្រៅប្រទេស ក៏ដូចជាតួនាទីដ៏ធំមួយទៀត ក្នុងតំណែងជាប្រធានអង្គភាពប្រឆាំងភេរវកម្មសម្រាប់ប្រទេសជាតិមួយ តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះ គឺការធ្វើដំណើរអស់រយៈពេលជាង១៣ម៉ោង នៅលើយន្តហោះឆ្លងទ្វីបពីអាស៊ីទៅកាន់អឺរ៉ុប លោក ហ៊ុន ម៉ាណែត បានជិះយន្តហោះថ្នាក់សន្សំលុយ (Economy Class)។ ពិតណាស់ថវិកាសម្រាប់ជិះយន្តហោះថ្នាក់អ្នកមានលុយ (Business Class) មិនមែនជាបញ្ហាឡើយ ហើយឋានៈរបស់គាត់ក៏ត្រូវបានគេធានាឲ្យជិះថ្នាក់ខ្ពស់នេះដែរ។ ដោយមានចម្ងល់ ខ្ញុំក៏សួរគាត់ថា «ហេតុអ្វីបានជាលោកប្អូនម៉ាណែតមិនជិះ Business Class?» គាត់ក៏ឆ្លើយតបវិញថា «គង់តែដល់គោលដៅដូចគ្នាទេបង!»។
ខ្ញុំគិតថាឥរិយាបថបែបនេះ អាចធ្វើឲ្យខ្ញុំសន្និដ្ឋានបានថា ប្រហែលជាលោក ហ៊ុន ម៉ាណែត កំពុងត្រួសត្រាយផ្លូវខ្លួនឯងដើម្បីឆ្ពោះទៅរកតួនាទីថ្នាក់ដឹកនាំកំពូលមួយនៅកម្ពុជា ក្នុងទម្រង់នៃឥស្សរជនជំនាន់ថ្មីដែលបន្ទាបខ្លួនដើម្បីទទួលបានការគោរពជាជាងឱ្យគេគោរពដោយការខ្លាច។
* បេសកម្មអមដំណើររបស់ក្រុមធុរកិច្ចខ្មែរ
ច្រើនលើកច្រើនសារបេសកកម្មអមដំណើររបស់ក្រុមធុរកិច្ចខ្មែរទៅក្រៅប្រទេស តែងទទួលបានការសាទរថា បានព្យាយាមបង្ហាញខ្លួន និងការធ្វើទំនាក់ទំនងជាមួយក្រុមធុរកិច្ចបរទេសនានា ដើម្បីទាក់ទាញគេឲ្យមកវិនិយោគនៅស្រុកខ្មែរ។ ប៉ុន្តែខ្ញុំក៏តែងទទួលព័ត៌មានបែបមិនសូវល្អពីភាគីខាងម្ចាស់ផ្ទះដែលគេនិយាយថា កម្ពុជាគួរមានវគ្គបង្រៀនពិធីការ ឬផ្នែកសីលធម៌ខ្លះៗដល់ឧកញ៉ាមួយចំនួនតូច ដែលលោកតែងបង្ហាញអកប្បកិរិយាពុំសូវសមរម្យ ខុសពិធីការ ឬក្រអឺតក្រទមពេក។ ខ្ញុំសូមអភ័យទោសពីបងៗក្រុមធុរកិច្ច ប្រសិនបើ ការសរសេររឿងក្រៅឆាករបស់ខ្ញុំប៉ះពាល់តិចតួចដល់បងៗ ពីព្រោះខ្ញុំពុំចង់ឮព័ត៌មានអវិជ្ជមានណាមួយមកលើខ្មែរទេ ជាពិសេសពីសំណាក់ជនបរទេស។
* បាតុកម្មនៅអឺរ៉ុប
ស្របពេលដែលមេដឹកនាំជាច្រើនបានមកដល់ប្រទេសប៊ែលហ្សិក ពលរដ្ឋមិនតិចជាង៦ជាតិសាសន៍ ដែលបានមករស់នៅអឺរ៉ុប បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន ក្នុងនោះរួមមាន៖ ចិន ថៃ មីយ៉ាន់ម៉ា បង់ក្លាដេស ទីបេ និងកម្ពុជា។ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ពលរដ្ឋខ្មែរមានចំនួនច្រើនជាងគេ ដោយសារតែមានបាតុកម្មប្រឆាំងមួយក្រុម និងមានពលរដ្ឋខ្មែរមួយក្រុមទៀតមកអបអរសាទរ។ មិត្តអ្នកអានតែងចង់ដឹងថា តើក្រុមណាច្រើនជាង? ជាការពិតចំនួនអ្នកចូលរួមប្រឆាំងតិចជាង ចំនួនអ្នកមកគាំទ្រនាយករដ្ឋមន្រ្តី ហ៊ុន សែន តែទម្រង់នៃការប្រើប្រាស់ភាសាក្រុមប្រឆាំងរៀងកាចបន្តិច សូម្បីតែខ្ញុំចូលទៅយកព័ត៌មាននៅទីនោះដំបូង ក៏មានការបារម្ភបន្តិចដែរ អំពីសុវត្ថិភាពផ្ទាល់ខ្លួនរហូតដល់ ប៉ូលិសប៊ែលហ្សិចជួយសម្រួលឲ្យខ្ញុំប្តូរទីតាំង។ តែប៉ុន្មាននាទីក្រោយមក មានអ្នកតាមដានព័ត៌មានចេញពីក្រុមបាតុករប្រឆាំងស្គាល់ខ្ញុំ ក៏អនុញ្ញាតឲ្យខ្ញុំចូលយកព័ត៌មានដោយសេរីវិញ។
យ៉ាងណាក៏ដោយ ក៏ខ្ញុំអាចនិយាយបានថា ជាតិសាសន៍ខ្មែរគ្រប់និន្នាការងាយនឹងរាប់រកគ្នាណាស់ ដរាបណាយើងព្យាយាមបន្ទន់ឥរិយាបថឲ្យគ្នាទៅវិញទៅមក។ ដោយសារកត្តានេះហើយ ធ្វើឲ្យខ្ញុំគិតថា ប្រសិនបើខ្ញុំបន្តយកព័ត៌មានបាតុកម្មបែបនេះតទៅទៀត ខ្ញុំអាចប្រឈមនឹងជំងឺទឹកនោមផ្អែម នោះក៏ដោយសារតែក្រុមម្ខាងៗ (ទាំងក្រុមប្រឆាំង និងក្រុមគាំទ្រ) បន្ទាប់ពីស្គាល់ខ្ញុំហើយ បបួលខ្ញុំផឹកតែកាហ្វេ មួយម៉ោងអស់មួយកែវ បីម៉ោងអស់បីកែវ គុណពីរក្រុមអស់៦កែវ ហើយលាយនឹងស្ករសូកូឡាទៀត (Chocolate)។
* តើមានអ្វីទាក់ទងនឹងស្ករសូកូឡានៅប្រទេសប៊ែលហ្សិច?
ប៊ែលហ្សិកជាប្រទេសមួយក្នុងចំណោមប្រទេស៧ ដែលផលិតនិងនាំចេញនូវស្ករសូកូឡាច្រើនជាងគេបំផុត។ ក្នុងមួយឆ្នាំៗ ប៊ែលហ្សិចផលិតស្ករសូកូឡាបានចំនួនជាង១៧០ពាន់តោន ភាគច្រើនសម្រាប់នាំចេញ។ អ្នកដែលទៅប្រទេសប៊ែលហ្សិក ហើយមិនបានភ្លក្សរសជាតិស្ករសូកូឡា ប្រៀបដូចអ្នកដែលទៅស្រុកខ្មែរ ហើយមិនបានទៅលេងប្រាសាទអង្គរវត្តយ៉ាងដូច្នោះដែរ។ ប្រទេស៦ទៀត ដែលល្បីល្បាញក្នុងការផលិតស្ករសូកូឡាមាន៖ ស្វីស អេក្វាឌ័រ អង់គ្លេស កូឌីវ័រ អ៉ីតាលី និងសហរដ្ឋអាមេរិក។
* មានអ្វីប្លែកទៀតនៅប៊ែលហ្សិក?
ស្រាបៀរជាការទាក់ទាញភ្ញៀវទេសចរដ៏ធំមួយទៀត ក្រៅពីស្ករសូកូឡា។ ប៊ែលហ្សិកផលិតស្រាបៀរចំនួនជាង៨០០ប្រភេទ ហើយបរទេសដែលមកប្រទេសមួយនេះ តែងត្អូញថា ក្បាលពោះពួកគាត់ចាប់ផ្តើមធំជាងមុនដោយសារតែផឹកស្រាបៀរនេះឯង។ និយាយបែបនេះ មិនមែនខ្ញុំចង់សំដៅទៅសម្តេច ហ៊ុន សែន ដែលលោកបានបង្ហោះលើ Facebook ពេលបន្តដំណើរទៅដល់ប្រទេសតួគី ថា “ពេលមើលរូបថតខ្ញុំទទួលទានពោត សុំមើលតែពោតបានហើយ កុំមើលក្បាលពោះខ្ញុំដែលវាធំប្លែកខុសធម្មតា”។
* បុរសៗចូលចិត្តអ្វីនៅប៊ែលហ្សិក?
នៅពេលប្រុសៗមកដល់ប្រទេសមួយនេះ គេតែងចង់ទៅមើលនារីតាំងក្នុងផ្ទះកញ្ចក់។ ប៊ែលហ្សិក និងហូឡង់ជាប្រទេសពីរនៅអឺរ៉ុប ហើយដែលមានព្រំប្រទល់ជាប់គ្នា ហើយល្បីល្បាញណាស់លើរបររកស៊ីផ្លូវភេទដែលមានលក្ខណៈបើកចំហរដោយអនុញ្ញាតឲ្យនារីរកស៊ីមុខរបរមួយនេះតាំងនៅក្នុងផ្ទះកញ្ចក់ ដើម្បីឲ្យភ្ញៀវមើលជាសាធារណៈ មិនថាជានារីឬបុរស ចាស់ឬក្មេងនោះឡើយ។ មានព័ត៌មានខ្លះបានផ្សាយថា ភរិយាមកពីប្រទេសផ្សេង ជាពិសេសមកពីអាស៊ីដែលមានចិត្តទូលាយសុខចិត្តឲ្យស្វាមីសាករសជាតិនារីអឺរ៉ុប ពីព្រោះតម្លៃមិនសូវជាថ្លៃហើយពេលវេលាក៏មិនយូរដែរ។ តម្លៃខ្លួននារីរកស៊ីផ្លូវភេទនៅប៊ែលហ្សិក គឺចន្លោះពី៤០ ទៅ៥០អឺរ៉ូ ក្នុងរង្វង់រយៈពេល១៥នាទី។ ដោយសារតែគិតដល់ថេរវេលានេះហើយ ទើបធ្វើឲ្យមានបុរសមួយចំនួនបង្កើតជាសំណួរសួរតាមបណ្តាញសង្គមហ្វេសប៊ុកថា តើគាត់អាចបង់ត្រឹម៨អឺរ៉ូបានឬទេ ប្រសិនបើគាត់ត្រូវការតែ៣នាទី ឬត្រូវបង់រាប់រយអឺរ៉ូមែនទេបើខ្ញុំត្រូវការពេល១ម៉ោង?
* ចុះនារីវិញចូលចិត្តអ្វីនៅប៊ែលហ្សិក?
នារីៗពេលទៅដល់ប៊ែលហ្សិចហើយ គេមិនដែលភ្លេចទារទៅកន្លែងទិញគ្រឿងអលង្ការដែលនារីៗចូលចិត្តបំផុតក្នុងជីវិត នោះគឺ «គ្រាប់ពេជ្រ»។ ទីក្រុងអង់វែប (Antwerp) ចំណាយពេលប្រហែល៣០នាទី ដោយរថយន្តពីទីក្រុងប្រ៊ុចសែល ជាស្ថានសួគ៌នៃហាងលក់ពេជ្រគ្រប់ប្រភេទរួមទាំងពេជ្រពណ៌ខ្មៅផង។ រាល់ពេលដែលខ្ញុំធ្វើដំណើរទៅប្រទេសប៊ែលហ្សិចម្តងៗ ខ្ញុំតែងបារម្មណ៌ខ្លាចភរិយាខ្ញុំសូមទៅជាមួយ ព្រោះខ្ញុំខ្លាចផុងខ្លួននៅទីនោះ។ មានការសិក្សារមួយបានបង្ហាញថា ប្រហែលជា៨០ភាគរយនៃការចរាចរពេជ្រទូទាំងពិភពលោក បានឆ្លងកាត់ប៊ែលហ្សិច ធ្វើឲ្យប្រទេសមួយនេះអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅអង់វែបមានហាងលក់ពេជ្រជិត៤០០ហាង និងមានអ្នកលក់ អ្នកគួកជេ និងជាងកែឆ្នៃពេជ្រសរុបជិត៤ពាន់នាក់។ បើមានបុរសណានាំប្រពន្ធឬសង្សារទៅដល់ទីនោះហើយ ពិបាកនឹងឆ្លើយថា «ទេ» ណាស់ ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ បុរសៗ !
ឥឡូវសូមងាកមករឿងប្រជុំកំពូលអាស៊ីអឺរ៉ុបវិញម្តង តើគេរៀបចំសន្តិសុខយ៉ាងដូចម្តេចដែរ បើមេដឹកនាំសរុបទាំងអស់មានរហូតដល់ទៅ៥៣រូបឯណោះ រួមទាំងប្រធានសហភាពអឺរ៉ុបនិងអគ្គលេខាធិការអាស៊ាន? ប៊ែលហ្សិកជាប្រទេសតូចទេ ប៉ុន្តែមានបទពិសោធន៍ពេញក្នុងការធ្វើម្ចាស់ផ្ទះរាប់មិនអស់ នោះក៏ដោយសារតែការិយាល័យធំរបស់សហគមន៍អឺរ៉ុបស្ថិតនៅក្នុងទីក្រុងប្រ៊ុចសែល នៃប្រទេសមួយនេះ។ តាមការអង្កេត គេព្យាយាមធ្វើយ៉ាងណាឲ្យអ្នកធ្វើដំណើរទូទៅអាចចរាចរបានដោយមិនមានការរំខានច្រើនឬយូរឡើយ។
និយាយមួយបែបថា គឺធ្វើយ៉ាងណាចៀសវាងកុំឲ្យគេជេរ ហើយប៉ូលិសប៊ែលហ្សិករាក់ទាក់ឆ្លើយតបសំណួររបស់អ្នកកាសែតដោយញញឹម សូម្បីកម្មវិធី ឬសំណើសុំធ្វើបាតុកម្ម ចំនួនអ្នកចូលរួម និងរយៈពេលដែលត្រូវធ្វើជាដើម គឺប៉ូលិសប្រាប់ទាំងអស់។ ជាក់ស្តែងតួលេខដែលប៉ូលិសបង្ហាញខ្ញុំ ក្រុមបាតុករប្រឆាំងដែលបានស្នើសុំធ្វើបាតុកម្មមានចំនួនអ្នកចូលរួម២៥០នាក់ ប៉ុន្តែតួលេខនៃអ្នកចូលរួមបានកើនប្រហែល៥០០នាក់ (តំណាងម្នាក់នៃក្រុមបាតុករបានប៉ាន់ស្មានថា មានចំនួនជិត១ពាន់នាក់) រីឯក្រុមគាំទ្រវិញព័ត៌មានដំបូងថា ប្រហែល៨០០នាក់ ជាក់ស្តែងបានកើនឡើងប្រហែល១,២០០នាក់។ ទោះបីជាមានចំណុចល្អខ្លះក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM ឆ្នាំ២០១៨ ក៏ប្រទេសប៊ែលហ្សិក មិនទទួលបានការកោតសរសើរពីអ្នកសារព័ត៌មានឡើយ។
ផ្ទុយទៅវិញ ប៊ែលហ្សិកត្រូវរងការរិះគន់យ៉ាងចាស់ដៃ រហូតដល់សារព័ត៌មានខ្លះនិយាយថា ប៊ែលហ្សិកជាប្រទេស «គំរិះម៉ៅស្វិត» កុំថាឡើយដល់ទៅមិនផ្តល់អាហារសម្រាប់អ្នកកាសែត សូម្បីត្រឹមតែកាហ្វេក៏ត្រូវបង់លុយដែរ។ ថ្មីៗនេះទៀតសោត រដ្ឋាភិបាលប៊ែលហ្សិកចង់យកលុយធ្វើកាតអ្នកកាសែតក្នុងម្នាក់៥០អឺរ៉ូ តែដល់ពេលអ្នកកាសែតតវ៉ាខ្លាំងទៅ ក៏ផ្អាកទៅវិញ។ ទាំងនេះក៏ដោយសារគេសំអាងថា សេដ្ឋកិច្ចរបស់ប៊ែលហ្សិកធ្លាក់ចុះ។
* តើប្រធានបទអ្វីដែលក្តៅចេញពីតំបន់អាស៊ី ហើយមុខមាត់កម្ពុជានៅឯកិច្ចប្រជុំយ៉ាងដូចម្តេចដែរ?
ព័ត៌មានជាច្រើនបានផ្សាយមុនកិច្ចប្រជុំចាប់ផ្តើមថា មុខមាត់កម្ពុជាអាចប្រហែលជាត្រូវប៉ះពាល់ដោយសារតែសហគមអឺរ៉ុបមិនសាទរ ចំពោះចំណាត់ការលើគណបក្សប្រឆាំង និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែនៅឯកិច្ចប្រជុំជាក់ស្តែង មេដឹកនាំទាំងអស់ពុំបានលើកឡើងអំពីបញ្ហានៅកម្ពុជាឡើយ ផ្ទុយទៅវិញគេបានលើកយកបញ្ហាក្តៅគគុកចំនួនបី ដែលកើតមាននៅតំបន់អាស៊ី រួមមានបញ្ហានៅឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង និងបញ្ហានៅភូមា ហើយចំណុចក្តៅខ្លាំងជាងគេនោះ គឺបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលធ្វើឲ្យជប៉ុននិងកូរ៉េខាងត្បូងប៉ះគ្នាដល់ទៅបីថ្ងៃ រហូតដល់មើលមុខគ្នាស្ទើរលែងត្រង់ គ្រាន់តែទៅលើការប្រើប្រាស់ពាក្យពេចន៍ ដែលត្រូវបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៌ របស់ប្រធានអង្គប្រជុំ។ កូរ៉េខាងត្បូងមិនចង់ក្ឌុងក្ឌាំង ហើយចង់ថ្នាក់ថ្នមលួងលោមកូរ៉េខាងជើង រីឯជប៉ុនចង់បន្ថែមសំឡេងឲ្យកូរ៉េខាងជើងត្រូវតែគោរព និងអនុវត្តកម្មវិធីរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ព្រោះជប៉ុនមិនទាន់មានជំនឿលើកូរ៉េខាងជើងនៅឡើយ។
អំពីកម្ពុជាវិញ ប្រសិនបើយើងដាក់បញ្ហានយោបាយផ្ទៃក្នុងប្រទេសយើងមួយអន្លើសិន យើងអាចប្រមើលបានថា តួនាទីរបស់កម្ពុជាដែលត្រូវបានមេដឹកនាំ៥០ប្រទេសទៀត ឯកភាពឲ្យធ្វើជាម្ចាស់ផ្ទះប្រជុំកពូល ASEM នៅឆ្នាំ២០២០ខាងមុខ ពិតជាធំណាស់ ហើយកម្ពុជាអាចទាញបានផលចំណេញច្រើនសម្រាប់ប្រទេសជាតិទាំងមូល។
* អំពីកាដូសម្រាប់អ្នកចូលរួមអបអរសាទរនាយករដ្ឋមន្រ្តី
ខ្ញុំបានព្យាយាមសាកសួរពលរដ្ឋខ្មែរដែលរស់នៅប៊ែលហ្សិចថា តើពួកគាត់នឹងទទួលកាដូបានអ្វីនៅពេលជួបនាយករដ្ឋមន្រ្តី ហ៊ុន សែន? ពលរដ្ឋខ្មែរម្នាក់ឆ្លើយថា «អត់មានឮថានឹងបានកាដូអ្វីទេ តែខ្ញុំចង់ជួបសម្តេច ហ៊ុន សែន» រីឯពលរដ្ឋម្នាក់ទៀតឆ្លើយថា «ខ្ញុំឮថាសម្តេច ហ៊ុន សែន នឹងចែកម្រេចឲ្យម្នាក់កន្លះគីឡូ» ។ ដោយចង់ដឹងការពិត ខ្ញុំក៏បានទៅដល់ទីតាំងជួបនោះ ហើយក៏បានលួចថតកញ្ចប់កាដូ ដែលក្នុងនោះរួមមាន សៀវភៅពីរក្បាល (ក្រមង៉ុយ និង អ៊ូ ចុង) កន្សែងមួយ ឌីសឯកសារវិស័យពាណិជ្ជកម្ម និងកម្រងឯកសារពីវប្បធម៌ខ្មែរបួនសន្លឹកទៀត៕
ប្រភព៖ យោងតាម Facebook របស់លោក Puy Kea