(ក្វាងស៊ី, ចិន)៖ ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗរបស់ប្រទេសសមាជិកអាស៊ាននោះ រដ្ឋាភិបាលប្រទេសអាស៊ាន និងរដ្ឋាភិបាលចិន បានព្រមព្រៀងគ្នាសាងសង់គំរូនៃតំបន់ទេសចរណ៍ល្បីៗរបស់ប្រទេសសមាជិកអាស៊ានទាំង ១០នៅលើទឹកដីចិន ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី។ តំបន់ទេសចរណ៍ល្បីៗទាំងអស់នោះ រួមទាំងប្រាសាទអង្គរវត្តរបស់ខ្មែរផង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋចិន។
ថ្លែងប្រាប់គណៈប្រតិភូព័ត៌មានកម្ពុជាក្នុងពេលចុះបំពេញទស្សនកិច្ចនៅក្នុងមណ្ឌលទេសចរណ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ អ្នកគ្រប់គ្រងនៅមណ្ឌលទេសចរណ៍ បានអះអាងថា ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋចិនចូលទស្សនាចន្លោះពី ៣ពាន់ ទៅ៤ពាន់នាក់។ ក្នុងចំណោមនោះ មានប្រជាពលរដ្ឋមកពីបណ្តាប្រទេសសមាជិកអាស៊ានខ្លះផងដែរ។
អ្នកគ្រប់គ្រងដដែលនេះ បានឲ្យដឹងផងដែរថា ចាប់តាំងថ្ងៃបើកឲ្យដំណើរពីអំឡុងខែសីហា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្នមានអ្នកចូលទស្សនាប្រមាណជា ៤០ម៉ឺននាក់ហើយ។ បើទោះបីអ្នកចូលទស្សនាភាគច្រើនជាជនជាតិចិនក៏ដោយ តែមិនបានអនុញ្ញាតឲ្យទស្សនាដោយមិនគិតថ្លៃនោះឡើយ ពោលក្នុងម្នាក់ត្រូវចំណាយថ្លៃសំបុត្រប្រមាណ ៣៥ដុល្លារ។ តម្លៃសំបុត្រ ៣៥ដុល្លារ គឺពួកគេអាចដើរទស្សនាគ្រប់ទីកន្លែងទាំងអស់ ហើយអាចទស្សនាវីដេអូ 3D មើលប្រាសាទអង្គរ មើលតំបន់ទេសចរណ៍ល្បីៗរបស់អាស៊ាន ដែលមានសភាពហាក់បានទៅឃើញផ្ទាល់ភ្នែកពិតៗផងដែរ។
បើតាមមន្ត្រីគ្រប់មណ្ឌលទេសចរណ៍នេះ បានអះអាងថា មណ្ឌលទេសចរណ៍មួយនេះត្រូវបានសាងសង់ឡើងលើផ្ទៃជាង ៦៦ហិកតា ដោយចំណាយថវិកាសាងសង់ប្រមាណ ៥០០លានដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ ៣ឆ្នាំ។
ក្នុងមណ្ឌលទេសចរណ៍នេះ គ្រប់តំបន់ទេសចរណ៍ល្បីៗរបស់ប្រទេសសមាជិកអាស៊ាន គឺត្រូវបានសាងសង់ឡើងដោយមានទ្រង់ទ្រាយដូចស្ទើរទាំងស្រុងជាមួយតំបន់ទេសចរណ៍ដើមទាំងនោះ ហើយដូចជាកន្លែងជិះកន្ត្រកផ្សេងៗនៅក្នុងម៉ាឡេស៊ីជាដើមនោះ គឺអាចជិះបានដូចគ្នាផងដែរ។
ក្នុងមួយឆ្នាំៗពលរដ្ឋចិនជាច្រើនបានចេញទៅលេងនៅក្រៅប្រទេសជាពិសេសបណ្តាប្រទេសនៅឯនាយសមុទ្រដូចជាអូស្ត្រាលី អាមេរិក និងអឺរ៉ុបជាដើម។ តាមរយៈការបង្ហាញពីសក្តានុពលទេសចរណ៍របស់ប្រទេសអាស៊ាននៅលើទឹកដីចិននេះ នឹងក្លាយជាចំណែកមួយទាក់ទាញពលរដ្ឋចិនឲ្យទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះ៕