(ក្វាងស៊ី, ចិន)៖ មិនមែនមានគំរូរតនៈសម្បត្តិដ៏មហស្ចារ្យប្រាសាទអង្គរវត្តរបស់ខ្មែរនោះទេ ដែលត្រូវបានសាងសង់នៅលើប្រទេសចិន ដើម្បីបង្អួតភ្ញៀវទេសចរនោះ តំបន់ទេសចរណ៍ល្បីៗរបស់ប្រទេសសមាជិកចំនួន៩ផ្សេងទៀត ក៏ត្រូវបានសាងសង់ផងដែរ។ ប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ល្បីៗដទៃទៀតរបស់ប្រទេសមាជិកអាស៊ាននេះ ត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ជាទីក្រុងមានមជ្ឈមណ្ឌលពិព័រណ៍អាស៊ាន-ចិន ហើយប្រារព្ធពិធីតាំងពិព័រណ៍ជារៀងរាល់ឆ្នាំផងដែរនោះ។
យោងតាមមន្រ្តីដែលគ្រប់គ្រងមណ្ឌលទេសចរណ៍ដ៏ធំមួយនេះ បានអះអាងថា ការសាងសង់តំបន់ទេសចរណ៍នេះកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល/រដ្ឋាភិបាលរបស់អាស៊ានជាមួយរដ្ឋាភិបាលចិន ក្នុងបំណងជំរុញផ្សព្វផ្សាយតំបន់ទេសចររបស់ប្រទេសអាស៊ានទៅកាន់ប្រជាពលរដ្ឋចិន ហើយរួមចំណែកទាក់ទាញពលរដ្ឋចិនទៅលេងតំបន់ទេសចរណ៍ទាំងនោះឲ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកបានបន្ថែមថា មុននឹងចាប់ផ្តើមសាងសងគំរូប្រាសាទអង្គរ និងសាងសង់ជាលក្ខណៈប្រភេទ 3D ចំណាយពេលសិក្សានៅប្រទេសកម្ពុជាប្រមាណជាងកន្លះឆ្នាំ។
ប្រជាពលរដ្ឋខ្មែរកាលពីខែកន្លងទៅនេះ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងនៅពេលពួកគេបានឃើញការបង្ហោះរូបភាពនៃការសាងសង់គំរូប្រាសាទអង្គរវត្តនៅលើទឹកដីចិន។ ការប្រតិកម្មបានកើតឡើងដោយសារមានការបារម្ភថា ការសាងសង់គំរូប្រាសាទរបស់ខ្មែរនៅលើទឹកដីចិននេះ នឹងធ្វើឲ្យអ្នកទេសចរណ៍យល់ច្រឡំថាប្រាសាទជារបស់ចិន ឬអាចស្រូបទាញអ្នកទេសចរលែងទៅកម្ពុជាជាដើម។
ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ច និងយកព័ត៌មាននៅក្នុងប្រទេសចិន គណៈប្រតិភូព័ត៌មានរបស់កម្ពុជា ត្រូវបានអញ្ជើញឲ្យទៅទស្សនាមជ្ឈមណ្ឌលទេសចរណ៍មួយនេះផងដែរ។ គណៈប្រតិភូព័ត៌មានរបស់កម្ពុជា ត្រូវបានស្វាគមន៍យ៉ាងរ៉ាក់ទាក់ និងកក់ក្តៅពីអ្នកគ្រប់គ្រងមជ្ឈមណ្ឌលទេសចរណ៍មួយនេះ ហើយជូនដើរមើលស្ទើរលើបរិវេណដ៏ធំនោះផងដែរ។
តាមរយៈដំណើរទស្សនាចរនេះ ធ្វើឲ្យគណៈប្រតិភូព័ត៌មានរបស់កម្ពុជាបានឃើញដោយផ្ទាល់ភ្នែកថា នៅក្នុងមជ្ឈមណ្ឌលទេសចរណ៍នេះពិតជាមិនមែនមានតែប្រាសាទអង្គរវត្តនោះឡើយ តំបន់ទេសចរណ៍របស់ប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀត ក៏បានសាងសង់ផងដែរ។ សម្រាប់នៅបរិវេណរូបប្រាសាទរបស់ខ្មែរនេះ គេនៅមានសាងសង់កន្លែងសម្រាប់មើលវីដេអូ 3D ស្តីពីការសាងសង់ប្រាសាទអង្គររបស់ខ្មែរថែមទៀតផង។ នៅក្នុងវិដេអូនោះ បានបង្ហាញឲ្យភាពល្អឯករបស់ប្រាសាទ ហើយហាក់បានស្តែងរូបភាពពិតៗរបស់ប្រាសាទមានអាយុកាលដ៏យូរលង់មួយនេះផងដែរ។
យើងបានសង្កេតឃើញថា មានប្រជាពលរដ្ឋចិនជាច្រើនបានចូលកម្សាន្តនៅមជ្ឈមណ្ឌលទេសចរណ៍មួយនេះ រួមទាំងបរិវេណសាងសង់គំរូប្រាសាទអង្គររបស់ខ្មែរផងដែរ។ ជនជាតិចិនទាំងនោះ ហាក់មានការចាប់អារម្មណ៍យ៉ាងលើសំណង់អច្ឆរិយរបស់ខ្មែរ។
ទេសចរចិន គឺជាគោលដៅដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ កាលពីឆ្នាំ២០១៧ កន្លងទៅភ្ញៀវទេសចរចិនទៅលេងនៅកម្ពុជាមានចំនួនច្រើនជាងអ្នកទេសចរមកពីបណ្តាប្រទេសដទៃ។ របាយការណ៍បានបង្ហាញថា មានអ្នកទេសចរចិនប្រមាណជា ១លាននាក់បានទៅលេងនៅកម្ពុជា។
តាមរយៈការបង្ហាញប្រាសាទអង្គរដ៏ល្អឯកទៅដល់ពលរដ្ឋចិននៅក្នុងខេត្តក្វាងស៊ី នឹងក្លាយជាចំណែកទាក់ទាញពលរដ្ឋចិនកាន់តែច្រើនទៀតទៅលេងកម្ពុជា ដែលជាបំណងរបស់រាជរដ្ឋាភិបាលកម្ពុជានោះ៕