(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែតុលា និងទិសដៅភារកិច្ច ខែវិច្ឆិកា ដើម្បីត្រៀមលក្ខណៈបង្ការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្តិភាពដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីស្នងការរងទទួលផែនជំនាញ ចំនួន១៤រូប, លោកអនុប្រធានផែនជំនាញ ចំនួន០៧រូប, លោកនាយ ការិយាល័យ ចំនួន៣២រូប, លោកនាយរងការិយាល័យ ចំនួន៩៧រូប, លោកអធិការនគរបាលស្រុក ក្រុង១០រូប, លោកអធិការរង ៥៤រូប, លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាល ចំនួន១០៩រូប។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អបន្តទៀតតាមជំនាញរៀងៗខ្លួន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រប់បណ្ដាផែនចំណុះទាំងអស់ត្រូវតែរួមរក្សាសាមគ្គីគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងត្រូវក្ដាប់សភាពការណ៍ក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ ហើយប្រសិនបើមានហេតុការណ៍អ្វីកើតឡើង ត្រូវចេញប្រតិបត្តិការភ្លាមៗ និងរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ៕