(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា បានចេញលិខិតជូនដំណឹងមួយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់តូប ដែលរំលោភចូលចំណីស្ទឹងព្រែកត្នោត ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ឲ្យធ្វើការរុះរើ ជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ ចាប់តាំងពីថ្ងៃជូនដំណឹងទី១៦ ខែតុលា ឆ្នាំ២០១៨ ហើយនៅថ្ងៃស្អែកទី២៤ ខែតុលានេះ គឺដល់ថ្ងៃកំណត់ហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌដង្កោ បានបញ្ជាក់ថា «ការសាងសង់របស់លោក លោកស្រី នៅទីតាំងខាងលើ ពុំមានលិខិតអនុញ្ញាតសាងសង់ និងសាងសង់ចូលចំណីស្ទឹងព្រែកត្នោត ដូច្នេះរដ្ឋបាលខណ្ឌ តម្រូវឲ្យលោក លោកស្រី បញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ និងត្រូវរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីលោក លោកស្រី មិនអនុវត្តតាមខ្លឹមសារណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលរុះរើសំណង់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់អ្វីឡើយ។ ករណីរឹងរូស រដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។
ចំពោះសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌខាងលើនេះ ប្រពលរដ្ឋប្រមាណជាង៤០គ្រួសារ ក្នុងនោះមានចាស់-ក្មេង និងចាស់ជរាផង សម្តែងការព្រួយបារម្ភ ដោយផ្តោតលើទីជម្រក ដែលបានធ្លាប់រស់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំ។
តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រជាពលរដ្ឋទាំងនេះ សុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ ដោយអាចបន្តលំនៅដ្ឋាននៅទីនោះបានតទៅទៀត។ ពួកគាត់បានលើកហេតុផលថា ផ្ទះដែលបានធ្វើនៅអបមាត់ស្ទឹងព្រែកត្នោត គឺទាំងអស់បាមមកពីការចងការប្រាក់ធនាគារ ហើយប្រាក់នោះក៏ជាដើមទន់ សម្រាប់ជារបរកទទួលប្រចាំថ្ងៃដូចជា៖ លក់បាយ លក់កាហ្វេ លក់នំចំណី ជាដើម។ ហើយបើត្រូវមានការបណ្តេញមែននោះ មិនខុសពីសម្លាប់ពួកគាត់ទាំងគ្រួសារនោះទេ។
យ៉ាងណាក៏ដោយ មន្រ្តីសាលាខណ្ឌដង្កោ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះថា រាល់សំណង់ទាំងនេះ គឺពុំមានលិខិតអនុញ្ញាត នោះទេ ហើយខាងក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្តឹងមកអាជ្ញាធររបស់ផងដែរ។ ជាមួយគ្នានេះ មន្រ្តីសាលាខណ្ឌរូបនេះ ក៏បានស្តីបន្ទោសដល់អាជ្ញាធរមូលដ្ឋាន គឺខាងសង្កាត់ថា បានបណ្តែតបណ្តោយឲ្យមានការសាងសង់សំណង់ខុសច្បាប់ទាំងនេះ។
ចំពោះការអះអាងថា ពួកគាត់រស់នៅជាច្រើនឆ្នាំនោះ ត្រូវបានមន្រ្តីសាលាខណ្ឌ អះអាងថា មិនពិតនោះទេ ដោយប្រជាពលរដ្ឋខ្លះទើបតែមកចាប់ និងសង់សំណង់ខុសច្បាប់ចូលចំណីស្ទឹងព្រែត្នោត ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយការចេញជូនដំណឹងនេះ ជាការបញ្ញាក់ដល់ពលរដ្ឋខ្លះទៀត ដែលមានបំណងមកចាប់ដីទៀតនោះ ឲ្យផ្អាកជាសកម្មភាពជាបន្ទាន់ ហើយសម្រាប់អ្នកដែលកំពុងមានសំណង់នៅហ្នឹងស្រាប់នោះ មានភ្ញាក់រលឹកថា ខ្លួនកំពុងតែបំពានច្បាប់សាងសង់ខុសច្បាប់។
បើតាមមន្រ្តីសាលារូបនេះ មិនថាតែសំណង់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែក៏មានរោងចក្រផងដែរ សាងសង់ចូលចំណីព្រែក នោះគឺរដ្ឋបាលនឹងចាត់វិធានការទាំងអស់មិនលើកលែង ឬចាត់ការតែលើប្រជាពលរដ្ឋនោះឡើយ។
ជាចុងក្រោយ មន្រ្តីសាលាខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាចូលរួមគោរពច្បាប់ និងបញ្ឈប់ជាបន្ទាន់ចំពោះសាងសង់សំណង់រឹងទាំងនេះ សំណង់តូប ឬផ្ទះចូលទៅកាន់ចំណីស្ទឹងព្រែកត្នោត៕