(ភ្នំពេញ)៖ គូសង្សារមួយគូបានស្មោះស្ម័គ្រស្រលាញ់គ្នាអស់រយៈពេលជាង៣ឆ្នាំ ខណៈឪពុកម្តាយខាងប្រុសមិនពេញចិត្ត រួចក៏ឈ្លោះប្រកែតគ្នា ហើយបែកបាក់គ្នាបាន៣ខែ។ ចំណែកខាងប្រុស ដោយសារឃើញខាងស្រី ជិះម៉ូតូជាមួយសង្សារថ្មី ក៏ឃាត់ហៅមកជិះម៉ូតូជាមួយខ្លួន និងបានឌុបមកដល់ចំណុចស្ពានបាឡេ រួចក៏ផ្តួលម៉ូតូចោល ហើយលោតទឹកសម្លាប់ខ្លួនតែម្តង។
ហេតុការណ៍ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានបាឡេ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បុរសជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សាំង សុរៈ អាយុ២១ឆ្នាំ ស្នាក់នៅម្តុំជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ចំណែកនារីជាសង្សារមានឈ្មោះ អ៊ា ឆៃលី អាយុ១៩ឆ្នាំ មុខរបរ ជានិស្សិត វ៉ាន់ដាគណនេយ្យឆ្នាំទី១ ស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីដែលជាសង្សារចាស់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសរងគ្រោះ និងនាងបានស្រលាញ់គ្នា ក្នុងនាមជាសង្សាររយៈពេលជាង៣ឆ្នាំមកហើយ រឿងនេះក៏បានដឹងដល់ឪពុកម្តាយ ទាំងសងខាង ប៉ុន្តែឪពុកម្តាយខាងប្រុសមិនពេញចិត្តនាងទេ។ ក្រោយមកទាំង២នាក់ បានឈ្លោះប្រកែតគ្នា រហូតឈានដល់ការបែកបាក់គ្នា រយៈពេលជាង៣ខែមកហើយ រួចនាងក៏មានសង្សារថ្មីទៀតដែរ។
នារីដែលជាសង្សារបានបន្តថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូជាមួយសង្សារថ្មី នៅម្តុំតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ខណៈពេលកំពុងតែជិះម៉ូតូឌុបគ្នា ស្រាប់តែលេចមុខបុរសជាសង្សារចាស់ ដែលបានបែកគ្នារយៈពេល៣ខែមកហើយនេះ។
ពេលបានជួបគ្នានេះ ជនរងគ្រោះឃាត់នាងឲ្យឈប់ម៉ូតូ រួចហើយហៅនាងឲ្យជិះម៉ូតូជាមួយខ្លួនវិញ ដោយសារនាងមិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏សម្រេចចិត្តឡើងជិះម៉ូតូជាមួយជនរងគ្រោះ។ លុះពេលជិះម៉ូតូឌុបគ្នា មកដល់លើស្ពានបាឡេ បុរសរងគ្រោះបានផ្តួលម៉ូតូ ហើយឡើងលើបង្កាន់ដៃស្ពាន លោតចុះមកខាងក្រោមសម្លាប់ខ្លួន ហើយនារីដែលជាសង្សារ ក៏លោតទៅតាមក្រោយ តែត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាននោះឃើញ បានចាប់ឃាត់នាងមិនឲ្យលោតសម្លាប់ខ្លួន ដោយបន្សល់ទុកម៉ូតូ មួយគ្រឿងនៅលើស្ពាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បាននាំខ្លួននារីខាងលើមកធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីចង់ដឹងពីមូលហេតុ។ ក្រោយបញ្ចប់ការសួរនាំរួចមក សមត្ថកិច្ចបានទំទាក់ទងទៅក្រុមគ្រួសារទាំង២ខាងលើ មកទទួលយកកូនស្រី និងស្វែងរកសពជនរងគ្រោះ ដែលលិចទឹកបាត់នោះ៕