(ភ្នំពេញ)៖ ក្រុមអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ ចង់ឲ្យក្រសួងសុខាភិបាលចេញគោលការណ៍ថែទំា និងព្យាបាលថ្នាក់ជាតិសម្រាប់អ្នកជំងឺប្រភេទនេះ នៅតាមមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីឲ្យពួកគេទទួលបានសេវាព្យាបាលកាន់ តែប្រសើរមិនបារម្ភពីបញ្ហាសុខភាពតទៅទៀត។
ប្រធានសមាគមអ្នកកើតជំងឺឈាមក្រកក បានអះអាងថា បច្ចុប្បន្ននេះក្រុមអ្នកជំងឺប្រភេទនេះ ពិបាកក្នុងការស្វែងរកសេវាព្យាបាលជំងឺរបស់ខ្លួន ខណៈដែលកម្ពុជាទើបតែមានក្រុមគ្រូពេទ្យជំនាញ តិចតួចប៉ុណ្ណោះដែលមានឯកទេស ចេះពិនិត្យព្យាបាលជម្ងឺហេម៉ូហ្វីលានេះ គឺនៅមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារអង្គរ។
ថ្លែងក្នុងមហាសន្និបាតលើកទី៣ សមាគមជម្ងឺហេម៉ូហ្វីលាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានឲ្យដឹងថា ក្រសួងសុខាភិបាល គួរតែពង្រីកសមត្ថភាពក្រុមគ្រូពេទ្យជំនាញបន្ថែមទៀត រួមទំាងកំណត់ស្តង់ដារ នៃការព្យាបាលជំងឺហេម៉ូហ្វីលានេះ ដើម្បីឲ្យការព្យាបាលត្រូវទៅតាមលក្ខណៈបច្ចេកទេស មិនបង្កផលវិបាកនៅពេលក្រោយទៀត។
លោកបានអះអាងថា ជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ គឺជាប្រភេទជំងឺកម្រពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ហើយប្រសិនបើ ពុំមានការពិនិត្យព្យាបាល ឲ្យបានទាន់ពេលវេលាទេនោះ អ្នកជម្ងឺប្រឈមឈានទៅដល់ពិការភាព និងបាត់បង់ជីវិតថែមទៀតផង។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ជាន សុផល គ្រូពេទ្យឯកទេសជំងឺហេម៉ូហ្វីលា នៅមន្ទីរពេទ្យកុមាជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមគ្រូពេទ្យ ដែលអាចព្យាបាលជំងឺហេម៉ូហ្វីលា បានកើនដល់ជិត១០នាក់ហើយ។ បន្ថែមពីនេះទៀតមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារអង្គរ នឹងបន្តបណ្តុះបណ្តាលក្រុមគ្រូពេទ្យថ្មីៗផ្សេងទៀត ឲ្យមានឯកទេសព្យាបាលជំងឺប្រភេទនេះ ខណៈដែលអ្នកជម្ងឺកំពុងមានការកើនឡើងច្រើន។
យ៉ាងណាក៏ដោយ លោកសាស្រ្តាចារ្យបានទទួលស្គាល់ថា ការព្យាបាលជំងឺប្រភេទនេះ គឺមានតម្លៃថ្លៃ ពោលគឺអាចចំណាយរហូតដល់ជាង១០០០ដុល្លារ ក្នុងការព្យាបាលម្តងៗ ដោយសារតែរដ្ឋមិនទាន់អាចរ៉ាប់រងបាន។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកការព្យាបាលអ្នកជំងឺ សមាគមអ្នកជំងឺហេម៉ូហ្វីលាកម្ពុជា បានជួយចេញថ្នាំនៃការព្យាបាល ដោយសារតែរាជរដ្ឋាភិបាលបានលើកលែងពន្ធ នៃការនាំចូលថ្នាំព្យាបាលជំងឺប្រភេទនេះ។
លោកស្រី ឆាវ ឈុនអេង រស់នៅរាជធានីភ្នំពេញ ដែលមានកូនប្រុសកើតជំងឺហេម៉ូហ្វីលា បានឲ្យដឹងថា ប្រសិនបើមានក្រុមគ្រូពេទ្យជំនាញគ្រប់គ្រាន់ គាត់មិនបារម្ភពីប្រភេទជំងឺនេះ ដែលកំពុងកើតមាននៅលើកូនរបស់គាត់ទៀតឡើយ ដោយសារតែអាចព្យបាលបានទាន់ពេលវេលាមិនឲ្យឈាមហូរចេញពីខ្លួនអស់ឡើយ។
សូមបញ្ជាក់ថា ជំងឺហេម៉ូហ្វីលា ឬជម្ងឺឈាមក្រកក ឬឈាមរាវ គឺជាជំងឺមួយដ៏កម្រ ក្នុងចំណោមមនុស្ស១ម៉ឺននាក់ មានតែម្នាក់ទេដែលកើតជម្ងឺនេះ ហើយតាមការប៉ាន់ស្មាននៅកម្ពុជា អាចមានអ្នកកើតជម្ងឺនេះប្រហែលជាង៣ពាន់នាក់។
តាមរយៈការធ្វើរោគវិនិច្ឆ័យកម្ពុជា បានរកឃើញមានកុមារចំនួន១៧៤នាក់ហើយដែលកើត ជម្ងឺឈាមក្រកកនេះហើយអ្នកកើតជម្ងឺនឹងត្រូវរស់នៅជា មួយការព្យាបាលអស់មួយជីវិត៕