(ក្រចេះ)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រៀបចំកិច្ចប្រជុំអន្ដរក្រសួង ស្ដីពីបទពិសោធន៍ និងចំណាត់ការជាក់ស្ដែង ទប់ស្កាត់ការពុលម៉េតាណុល សំដៅលើការកំណត់ដាក់ចេញសកម្មភាពការងារ សម្រាប់ពេលខាងមុខ ដើម្បីឆ្លើយតប និងទប់ស្កាត់នូវការផ្ទុះឡើងការពុលស្រា ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ មន្ត្រីសាលាខេត្ត មេឃុំស្នួល និងមេឃុំកន្ទួត ស្រុកស្នួល ខេត្តក្រចេះ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារលីជឺ ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោក ឈ្នាង ស៊ីវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានធ្វើរាបយការណ៍លម្អិត និងបទអន្តរាគមន៍របស់ លោក Peter Sousa HOEJSKOV តំណាងអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វីកខាងលិច លើមាតិកាទប់ស្កាត់នូវការផ្ទុះឡើងការពុលស្រាស និងពុលចំណីអាហារ ដែលបានបង្ហាញពីជំហរខិតខំប្រឹងប្រែង គាំទ្រ និងផ្តល់នូវកិច្ចសហការបន្ថែមទៀត ជាមួយក្រសួងសុខាភិបាល លើបញ្ហាសុវត្ថិភាពចំណីអាហារនេះ និងលើវិស័យសុខភាពសាធារណៈជាទូទៅ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបើកអង្គប្រជុំអន្តរវិស័យនេះ ដោយបានផ្តល់ជាគំនិតផ្តួចផ្តើមដោយឈរលើទស្សនៈទានមួយឈ្មោះថា «PROPER» ដែលផ្គុំដោយអត្ថន័យ៦ចំណុចសំខាន់ៗ សម្រាប់អង្គប្រជុំយកទៅពិភាក្សាដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារទប់ស្កាត់ ការពុលចំណីអាហារ ជាពិសេសការពុលម៉េតាណុលនេះ រួមមាន៖
*P (People’s Knowledge, Understanding and Participation) ត្រូវមានការចេះដឹង យល់ដឹង និងមានការចូលរួមពីប្រជាជនក្នុងការទប់ស្កាត់បញ្ហា
*R (Reduction of Wine Consuming) កាត់បន្ថយការបរិភោគគ្រឿងស្រវឹង
*O (Orientation of risk Reduction) តម្រង់ទិសទៅរកការកាត់បន្ថយនូវហានិភ័យ គឺត្រូវឲ្យអ្នកប្រើប្រាស់យល់ដឹងពីគ្រោះថ្នាក់ និងផលវិបាក ដែលបណ្តាលពីគ្រឿងស្រវឹង
*P (Proper Production) ផលិតកម្ម ខ្សែសង្វាក់ផលិតកម្ម គឺត្រឹមត្រូវតាមបច្ចេកទេស គោរពក្បួនច្បាប់អនាម័យ និងសុវត្ថិភាពចំណីអាហារ
*E (Establishment of Effective Response and Monitoring Mechanism) បង្កើតចេញនូវយន្តការឆ្លើយតប និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាព
*R (Related-sectors Actions) ត្រូវមានការចូលរួមសហការ និងទំនាក់ទំនងល្អរវាងផ្នែកពាក់ព័ន្ធទាំងអស់ និងការអនុវត្តសកម្មភាពបែបអន្តរវិស័យ។
ដោយឈរលើទស្សនៈទានគំនិតផ្តួចផ្តើមរបស់លោកស្រី អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស រហូតសម្រេចបានជាផ្លែផ្កានូវ គម្រោងផែនការសកម្មភាពការងារមួយ សម្រាប់អនុវត្តសាកល្បងក្នុងខេត្តក្រចេះ ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០១៩៕