(ពោធិ៍សាត់)៖ ក្នុងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២១-២២ និង២៣ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ហើយដែលប្រឈមទៅនឹងជំងឺគ្រុនចាញ់-គ្រុនឈាម សរុបចំនួន ១,៨៧២គ្រួសារ រស់នៅក្នុងស្រុកបាកាន ស្រុកក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពិធីប្រគល់អំណោយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ រៀបចំឡើង នៅវិទ្យាល័យបាកាន ស្រុកបាកាន មានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួតចំនួន ៤៧១គ្រួសារ ។
សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ រៀបចំនៅវិទ្យាល័យ ហ៊ុនសែន បាក់ចិញ្ចៀន ស្រុកក្រវាញ មានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួតចំនួន ៤៧១គ្រួសារ ។
ដោយឡែកសម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ រៀបចំនៅវិទ្យាល័យប្រមោយ ស្រុកវាលវែង មានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ហើយដែលត្រូវប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាមសរុបចំនួន ៩៣០គ្រួសារ ។
នៅក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ទាំងបីថ្ងៃខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងអាជ្ញាធរខេត្ត ដែលតែងតែចុះដោះស្រាយជួយដល់ប្រជាពលរដ្ឋជួបការលំបាកបានទាន់ពេលវេលា ។
ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើសារៈសំខាន់នៃការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ស្ត្រីមានផ្ទៃពោះ និងការឆ្លងជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺនានា ការកសាងភាពធន់ក្នុងសហគមន៍ ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើចោរកម្ម គ្មានអំពើហិង្សា ការប្រុងប្រយ័ត្នពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ និងការគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ ល។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ រស់នៅដោយភាពសុខដុមរមនាជាមួយគ្នាទាំងអ្នក ចំណាកស្រុកនិងអ្នកចំណូលស្រុក ហើយនៅពេលដែលអាកាសធាតុល្អប្រសើរឡើងវិញ សូមបន្តការបង្កបង្កើនផលប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឲ្យរុងរឿង និងរួមចំណែកពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកក្រកខេត្តពោធិ៍សាត់ តំណាងឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងសូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋមន្ត្រី មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង ១ ក្រមា១ និងអាវយឺត ១ ។
ដោយឡែក ចំពោះប្រជាពលរដ្ឋចំនួន ៩៣០គ្រួសារ នៅស្រុកវាលវែង ដែលទទួលរងគ្រោះថ្នាក់ដោយសារមីន និងរងគ្រោះដោយទឹកជំនន់ដែលប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាម ទទួលបានបន្ថែមនូវ មុងសុវត្ថិភាពចំនួន ១ និងថវិកា ១០,០០០រៀល សម្រាប់ថ្លៃធ្វើដំណើរ៕