(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះអង្កេតលើទីផ្សារនៅផ្សារគុត្តសត ស្រុកអូរជ្រៅ ដោយប្រមូលបានទំនិញខូចគុណភាព និងហាមឃាត់ប្រមាណជាង៣០.៥៨គីឡូក្រាម យកមករក្សាទុករងចាំការដុតកម្ទេច។
លោក វិន វិដា មន្ត្រីកាំកុងត្រូលខេត្ត ទទួលបន្ទុលផ្នែកបច្ចេកទេសចំណីអាហារបានឲ្យដឹងថា «នាថ្ងៃនេះ មន្ត្រីជំនាញកាំកុងត្រូលខេត្តយើងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ក្នុងបង្អែមចំនួន ២ប្រភេទ គឺនំច័ក្កច័ន និងនំចាំង ជាលទ្ធផល គឺរកពុំឃើញមានប្រើសារធាតុគីមីបូរ៉ាក់ក្នុងបង្អែមទាំងនោះឡើយ»។
លោក ហុង លៀង អនុប្រធានកាំកុងត្រូលបានបញ្ជាក់ថា រាល់ថ្ងៃនេះមន្ត្រីជំនាញនៅតែអនុវត្តបន្ថែមទៀត ចំពោះចំណីអាហារដែលបានដាក់តាំងលក់លើទីផ្សារ និងបន្តស្វែងរកចំណីអាហារដែលមានសាធាតុគីមី ដែលបង្កឲ្យប៉ះពាល់សុខភាពដល់មនុស្ស ហើយថ្ងៃនេះបានពិនិត្យ និងធ្វើតេស្តបឋមនៅក្នុងផ្សារគុត្តសត ស្រុកអូរជ្រៅផងដែរ។
ក្រុមអាជីវកក្នុងផ្សារខាងលើនេះបានឲ្យដឹងថា អាជីវកទាំងអស់គ្នា នឹងធ្វើការសហការណ៍ជាមួយមន្ត្រីជំនាញ និងផ្តល់ព័ត៌មានភ្លាមៗ នៅពេលប្រទះឃើញទំនិញណាសង្ស័យ ហើយអាជីវកអរគុណខ្លាំងណាស់ចំពោះមន្ត្រីជំនាញបានចុះមកពិនិត្យ អប់រំ និងផ្តល់ចំណេះដឹងបន្ថែមផងដែរ៕