(កោះកុង)៖ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹនាំមន្រ្តីក្រោមឱវាទ រួមទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត ចុះបាញ់ថ្នាំបង្កាការពារជម្ងឺគ្រុនឈាម ជូនដោយមានប្រជាពលរដ្ឋនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ថា ដើម្បីសុវត្តិភាព សុខមាលភាពប្រជាពលរដ្ឋ និងដើម្បីបង្ការជម្ងឺគ្រុនឈាមដែលអាចឆ្លងតាមរយៈនៃមូសខ្លាចខាំនោះ មន្ទីរបានបើកយុទ្ធនាការបាញ់ថ្នាំការពារ កំចាត់ជំរកមូសខ្លានៅជុំវិញលំនៅដ្ឋាន ហើយបន្តដាក់ថ្នាំអាល់បែតក្នុងពាងទឹក ដើម្បីកុំឲ្យមានកើតមូសខ្លាបន្តទៀត។
ក្នុងឱកាសនោះដែរលោក និងមន្ត្រីជំនាញបានអប់រំដល់បងប្អូនឲ្យមានវិធានការការពារជម្ងឺគ្រុនឈាម ហើយត្រូវបំបាត់ជំរកមូសខ្លា ត្រូវចាក់បំពេញដីនៅកន្លែងទឹកដក់ និងរបស់ដែលអាចដក់ទឹកដូចជា សំបកកំប៉ុង, សំបកកង់ឡាន, នឹងសម្ភារផ្សេងៗ ត្រូវយកទៅដុតចោលដើម្បីកុំឲ្យម៉ូសខ្លាពង ឬញាស់បន្តពូជទៀត។
ក្នុងឱកាសនោះដែរ លោក និងក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះថែរក្សាបរិស្ថានជុំវិញលំនៅដ្ឋានឲ្យបានស្អាត ហើយចូលរួមថែរក្សាបរិស្ថាននៅទីសាធារណៈ ដើម្បីសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា និងលើកស្ទួយផ្នែកវិស័យទេសចរណ៍ផង ហើយសូមបងប្អូនត្រូវសម្រានក្នុងមុងជ្រលក់ថ្នាំជាប្រចាំ និងហូបចុកឲ្យមានអនាម័យ ដើម្បីការពារជម្ងឺឆ្លងផ្សេងៗ ដូចពាក្យស្លោក១បានចែងថា (ហូបស្អាតផឹកស្អាត រស់នៅស្អាត)។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូសខ្លាជាប្រភេទមូសប្រភពចម្លងជម្ងឺគ្រុនឈាម គ្រុនឈិក និងជម្ងឺ Zika ដែលបានកំពុងកើតឡើងនៅតាមប្រទេសជិតខាង ហើយសម្រាប់ប្រទេសកម្ពុជាជម្ងឺZika ពុំទាន់កើតមានឡើងនៅឡើយទេ តែគួរការពារមុនផងដែរ៕