(ភ្នំពេញ)៖ បារខែមកម្ពុជា ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធី បារខែមអាស៊ាន ២០១៨ «សន្និបាតបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម» លើកទី១១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាចុងសប្ដាហ៍មុន។
ពិធីនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការជួបជុំរវាងសិស្សនិស្សិត Tech Startups បុគ្គលិកក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអ្នកជំនាញដើម្បីពិភាក្សាចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សនិស្សិត អាជីវកម្មធុនតូច និងមធ្យម បុគ្គលិកសហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅ អំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា សេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និងជំនាញឌីជីថល ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ -ល-។
កម្មវិធីនេះ ធ្វើឡើងក្រោមប្រធានបទ «Powering Your Future in Digital Era» ព្រមទាំងមានពិព័រណ៍បង្ហាញ ផលិតផលនិងសេវាកម្ម និងស្នាដៃសិស្ស និស្សិតកម្ពុជាក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានអ្នកចូលរួម ក្នុងរយៈពេល២ថ្ងៃ ប្រមាណជាង៨,០០០នាក់ រួមទាំងមានវាគ្មិន៩៥រូប ជាមួយប្រធានបទចំនួន ៨៥ប្រធានបទ និងស្ដង់ពិព័រណ៍ចំនួន៦០ស្ដង់។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «Powering Your Future in Digital Era» ព្រមទាំងមានពិព័រណ៍បង្ហាញ ផលិតផលនិងសេវាកម្ម និងស្នាដៃសិស្ស និស្សិតកម្ពុជាក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានអ្នកចូលរួមក្នុងរយៈពេល ២ថ្ងៃ ប្រមាណជាង ៨០០០នាក់ រួមទាំងមានវាគ្មិន ៩៥ រូប ជាមួយប្រធានបទចំនួន ៨៥ប្រធានបទ និងស្ដង់ពិព័រណ៍ចំនួន ៦០ស្ដង់។
ក្នុងឱកាសនោះ លោកបណ្ឌិត កាន ច័ន្ទមេត្តា បានធ្វើចំណាប់អារម្មណ៍ ទៅលើបញ្ហាមួយចំនួន រួមមាន៖
ទី១៖ ផែនការរយៈពេលប្រាំឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម៤.០ ដោយក្នុងនោះ ក្រសួងនឹងបន្តអនុវត្តការងារពាក់ព័ន្ធនឹង Tech Startup ជាមួយនឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងធម្យម (MSMEs), ការបន្តជំរុញ MSMEs go for Digital, ការផ្តោតសំខាន់លើទស្សនាទាន «យុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយក្នុងជីវិត» និង ការបញ្ចូលមុខវិជ្ជា STEM និងសហគ្រិនភាព កម្មវិធីគាំទ្រ (supporting program) និងការណែនាំ (mentorship) ក្នុងកម្មវិធីសិក្សា ដើម្បីជំរុញដល់សមត្ថភាពសិស្ស។
ទី២៖ តួនាទី និងការសម្របសម្រួលរវាងស្ថាប័នរបស់ រាជរដ្ឋាភិបាល និងការកាត់បន្ថយបទបញ្ញតិនានា ក្នុងការបង្កើត និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ព្រមទាំង ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី
ទី៣៖ គោលនយោបាយគាំទ្រ សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ ICT។
ទី៤៖ កម្មវិធីគាំទ្រដោយប្រើប្រាស់មូលនិធិ សម្រាប់គ្រប់គ្រងផែនការកសាង សមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ (CBRD)ដូចជា បង្កើតក្រុមអ្នកប្រឹក្សាយោបល់ (Mentorship) កម្មវិធី Incubator និង Accelerator ក៏ដូចជាមូលនិធិសម្រាប់ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី ស្នើសុំដើម្បីបង្កើត ដំណោះស្រាយ ឬកម្មវិធីអាជីវកម្មលើអ៊ីនធឺណែត ដូចជា e-Commerce សម្រាប់គាំទ្រដល់សហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជាឆ្ពោះទៅកាន់ឌីជីថល ឲ្យទទួលបានកម្រិតជោគជ័យខ្ពស់៕