(ភ្នំពេញ)៖ ប្តី-ប្រពន្ធមួយគូរ មានចំណងអាពាហ៍ពិពាហ៍ និងរួមរស់នៅជាមួយគ្នា អស់រយៈពេលជាង៣ឆ្នាំ និងមានកូនប្រុសម្នាក់ អាយុជាង១ខួប, ជារើយៗអ្នកទាំង២ តែងតែកើតមានជម្លោះជាមួយគ្នា រហូតបានទៅសុំលែងលះគ្នា និងបានរស់នៅបែកគ្នាមួយរយៈសិន ដោយមិនទាន់លែងលះដាច់ស្រាច់ ស្រាប់តែស្ត្រីជាប្រពន្ធនាំប្រុសថ្មី មកដេកក្នុងបន្ទប់ ហើយប្តីមកទាន់បានចាក់សោពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅបន្ទប់ជួលជាប់តូបលក់បន្លែ នៅផ្សារស៊ីនជូរី ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាយប៉ុស្តិ៍នគរបាលកាកាប១ បានឲ្យដឹងថា បុរសជាប្តីឈ្មោះ ខាំង ម៉ាប់ អាយុ៣០ឆ្នាំ មុខរបរលក់បន្លែ រីឯប្រពន្ធ ឈ្មោះ គន្ធី ស្រីមុំ អាយុ២៣ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារស៊ីនជូរី ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកប្រុសជាសាហាយស្មន់ ឈ្មោះ សល់ សាល អាយុ២៤ឆ្នាំ មុខរបរដឹកទឹកកក ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។
តាមការរៀបរាប់ពីបុរសជាប្តី បានឲ្យដឹងថា គាត់ និងប្រពន្ធបានរៀបការតាមប្រពៃណីត្រឹមត្រូវ អស់រយៈពេលជាង៣ឆ្នាំមកហើយ និងបង្កើតបានកូនប្រុសម្នាក់អាយុជាង១ខួប។ នៅមុនពេលភ្ជុំបិណ្ឌ ប្រមាណ៦ថ្ងៃ គាត់បានដឹងថា ស្ត្រីជាប្រពន្ធរបស់គាត់ បានទាក់ទងជាមួយបុរសម្នាក់ (ប្រុសជាសាហាយស្មន់ខាងលើ) ដោយនិយាយតាមទូរស័ព្ទ។
ពេលនោះ គាត់ និងប្រពន្ធ ក៏មានជម្លោះជាមួយគ្នាតិចតួច មុនថ្ងៃកើតហេតុ៥ថ្ងៃ មានការឈ្លោះប្រកែកគ្នាម្តងទៀត ក៏បាននាំគ្នាទៅសង្កាត់ ដើម្បីសុំលែងលះគ្នា ហើយចៅសង្កាត់មិនអនុញ្ញាត ឲ្យលែងលះគ្នាភ្លាមៗនោះទេ ដោយឲ្យពួកគាត់ទាំងពីរនាក់ នៅបែកគ្នាមួយរយៈសិន ហើយបន្ទាប់មកគាត់ បានទៅនៅជាមួយបងប្រុសរបស់គាត់ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
លោកបន្ដថា នៅម៉ោងកើតហេតុ គាត់បានទៅមើលបងស្រីរបស់គាត់ ដែលសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យកាល់ម៉ែត ហើយគាត់ក៏បានឆៀងចូលផ្ទះគាត់។ នៅពេលទៅដល់ផ្ទះ គាត់ក៏មានការសង្ស័យ ព្រោះជារៀងរាល់ថ្ងៃ ប្រពន្ធរបស់គាត់ដេកពេលយប់តែងតែបើកភ្លើង ហើយនៅពេលយប់នេះម្តេច ក៏ដេកបិទភ្លើង។ បន្ទាប់មកគាត់បានបើកទូរស័ព្ទលួចមើលតាមបង្អួច ស្រាប់តែឃើញប្រពន្ធរបស់គាត់កំពុងដេកជាមួយប្រុសសហាយ ដោយឲ្យកូនប្រុសតូចរបស់គាត់ដេកនៅអែបខាង ពេលឃើញបែបនេះហើយ គាត់បានចាក់សោពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ។
បើតាមសំដីស្ត្រីជាប្រពន្ធ បាននិយាយប្រាប់ថា គាត់មានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់នោះ ជិត២ខែមកហើយ និងទើបមានទំនាក់ទំនង ជាមួយប្រុសសាហាយខាងលើនោះ ស៊ីជំរៅបាន២លើកប៉ុណ្ណោះ គឺមុនថ្ងៃកើតហេតុចំនួន៥ថ្ងៃ បានរួមរ័ក្សម្តង និងថ្ងៃកើតហេតុមិនទាន់បានរួមរ័ក្សនោះឡើយទេ ព្រោះគាត់មិនសូវស្រួលខ្លួន។ ចំណែកបុរសជាសាហាយ បាននិយាយថា គាត់ជាម៉ូយទឹកកក ជាមួយនារីនេះ តែមិនទាន់បានស៊ីជំរៅនោះឡើយ ព្រោះនៅថ្ងៃកើតហេតុ ស្ត្រីខាងលើ បានទូរស័ព្ទហៅគាត់ឲ្យមកមើល ព្រោះមិនសូវស្រួលខ្លួន រឿងអ្វីផ្សេងពុំមានឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ស្ត្រី និងបុរសជាសាហាយ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី១ និងទទួលបណ្តឹងពីបុរសជាប្តី ចំណែកស្ត្រី និងបុរសជាសាហាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នសិន៕