(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ហ្វូតសាល «DOWN TOWN SPORT» បានទទួលពានរង្វាន់លេខ១ ប្រចាំកម្ពុជា នឹងត្រៀមប្រកួតថ្នាក់អន្តរជាតិនៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ ដើម្បីបន្តដណ្តើមពានរង្វាន់ថ្នាក់ អន្តរជាតិមួយទៀតជូនជាតិ។ នេះជាការបញ្ជាក់របស់លោក ហេង ឡាលីន ក្នុងនាមជាម្ចាស់ភាគហ៊ុនធំប្រចាំក្លឹបមួយនេះ។
ក្នុងនាមជាម្ចាស់ភាគហ៊ុនធំក្លឹបដោនថោនស្ពត លោក ហេង ឡាលីន តែងតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពកីឡា ជាពិសេសបានដឹកនាំក្រុមដោនថោនស្ព័ត រហូតទទួលបានពានរង្វាន់ ចំណាត់ថ្នាក់លេខ១ ដែលទទួលបានសិទ្ធិតំណាងប្រទេសកម្ពុជា ក្នុងការចូលប្រកួតហ្វូតសាលលក្ខណៈអន្តរជាតិថែមទៀត។ ជាងនេះទៅទៀត គាត់ជាថ្នាកដឹកនាំគំរូដែលតែងតែចូលរួមចំណែក ក្នុងកម្មវិធីមនុស្សធម៌ក្នុងសង្គមផ្សេងៗ ជាពិសេសរាល់ទុក្ខលំបាករបស់បងប្អូនកីឡាករ តែងតែមានគាត់បានផ្តល់ទាំងកម្លាំងចិត្ត និងថវិកា។
លោក ហេង ឡាលីន បានបញ្ជាក់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះថា ពានរង្វាន់លេខ១ ដែលក្រុមកីឡាករក្លឹបដោនថោនស្ព័តទទួលបាននោះគឺពានរង្វាន់ Clear National Fusal League 2018 ដែលបានធ្វើការប្រកួត final game កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ។
លោកបន្តថា ការប្រកួតលើកទី១ ដែលមាន១៨ប្រកួតជាលក្ខណៈ League បានទទួលចំណាត់ថ្នាក់លេខ១រហូត ក្រុម៤ ឡើងខ្វែងយកពាន ដោយលេខ១ ប៉ះលេខ៤ និងលេខ២ ប៉ះលេខ៣ប្រកួតចុងក្រោយជាមួយក្រុមកីឡាករ «សសយក កំចាយមារ» ឈ្នះដោយលទ្ធផលបច្ចេកទេស៥-៣។
សម្រាប់ប្រាក់រង្វាន់ដែលទទួលបាន៣០លានរៀល សម្រាប់ពានរង្វាន់លេខ១, លេខ២ទទួលបាន១៥លាន និងលេខ៣ទទួលបាន១០លាន។ លោកក៏បានបញ្ជាក់ថា កីឡាករ៥រូបរបស់ក្លឹបដោនថោនស្ពត នឹងចូលរួមជាមួយកីឡាករក្លឹបផ្សេងទៀត ដើម្បីប្រកួតហ្វូតសាលលក្ខណៈអន្តរជាតិ នៅប្រទេសថៃនាខែក្រោយនេះ៕