(ពោធិ៍សាត់)៖ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្តអគ្គិសនីផ្ទាំងសូឡា បណ្តាលឱ្យបែកផ្កាភ្លើងឆាបឆេះផ្ទះតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាន ផា ភេទប្រុស អាយុ៤៨ឆ្នាំ (កសិករ) និងប្រពន្ធឈ្មោះ ចៅ រីម អាយុ៤៦ឆ្នាំ (កសិករ) រស់នៅភូមិឃុំកើតហេតុខាងលើ ហើយផ្ទះដែលបានឆាប់ឆេះនោះ មានទំហំ៦ម៉ែត្រX ៨ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ក្បឿង ក្រាលក្តា ជញ្ជាំងក្តា)។
បើតាមការរៀបរាប់របស់ជនរងគ្រោះប្តីប្រពន្ធ បានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ បាននៅផ្ទះធម្មតា លុះមកដល់ម៉ោងខាងលើ ស្រាប់តែមានផ្សែង និងអណ្តាតភ្លើងឆាបឆេះនៅផ្នែកខាងលើដំបូលផ្ទះ ពេលនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ក៏បានមកជួយដងទឹកជះពន្លត់ ស្របពេលជាមួយគ្នានោះដែរ ក៏បានរាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ជួយធ្វើអន្តរាគមន៍ដើម្បីពន្លត់អគ្គីភ័យ ដែលកំពុងឆេះផ្ទះនេះ។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ បានបន្ថែមថា ពេលបានទទួលព័ត៌មានរួច ភ្លាមនោះលោកអធិការ ក៏បានដឹកនាំបញ្ជាកម្លាំងអធិការដ្ឋាន, កម្លាំងប៉ុស្តិ៍ និងយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ០១គ្រឿង ប្រើទឹក២ឡាន និងរថយន្តដឹកទឹកឯកជនចំនួន០៥ឡាន ទើបរលត់ភ្លើងជាស្ថាពរ។
លោកអធិការបានឱ្យដឹងទៀតថា ការខូចខាតដោយសារអគ្គីភ័យឆេះផ្ទះនេះមាន៖ ផ្ទះ១ខ្នង ,ឆេះទូឈើ១, ឆេះគ្រែឈើ៤, ឆេះឯកសារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។ មូលហេតុដែលបង្កឱ្យមានអគ្គីភ័យឆេះផ្ទះនេះ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គីសនី (ផ្ទាំងសូឡា)៕