(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រី ញ៉ែម សាខន ស ខេង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារផលិតទូក «ង» វែងជាងគេ បានរៀបចំពិធីសែនក្រុងពាលី នៅទីតាំងអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ និងក្រុមការងារ ត្រៀមរៀបចំពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមអ្នករៀបចំពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក «ង» វែងជាងគេនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ចាប់ផ្តើមពីម៉ោង០៦៖០០ព្រឹក នៅតំបន់ប្រជុំជនអ្នកលឿង ត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី។
ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាពីតំណាង Guinness World Records ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស.ស.យ.ក សិស្ស និស្សិតព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។
ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក «ង» វែងជាងគេនេះដែរក៏នឹងការប្រណាំងទូក «ង» ខេត្តព្រៃវែង និងការប្រគុំតន្ត្រី ដែលប្រជុំដោយតារាល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបផងដែរ។
គួររំលឹកថា ទូក «ង» វែងជាគេ ឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ត្រូវបានផ្តួចផ្តើមកសាងឡើងដោយលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេ ដោយមានការចូលរួមឈូសឆាយ ចាំងឈើ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការ សិស្ស និស្សិត ស.ស.យ.ក ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ទូទាំងប្រទេសកម្ពុជា៕