(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានណែនាំឲ្យមន្ត្រីពន្ធដារខេត្ត ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងភារកិច្ចរបស់ខ្លួន ជាអ្នកបម្រើសេវាល្អជូនប្រជាពលរដ្ឋវិញ ដើម្បីឲ្យពួកគាត់ចូលមកបំពេញកាតាព្វកិច្ចបង់ពន្ធ ដោយមានការពេញចិត្ត។
លោកអភិបាលខេត្ត បានលើកឡើងក្នុងពេលប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកែតម្រូវអចលនទ្រព្យ សំណង់អាគារ ផ្ទះ ដី សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅស្នាក់ការពន្ធដារខេត្តកំពង់ចាម។
លោក គួច ចំរើន បានគូសបញ្ជាក់ថា ដោយសារកន្លងទៅលោកបានទទួលព័ត៌មានច្រើន ទាក់ទងទៅនឹងភាពមិនប្រក្រតីរបស់មន្ត្រីពន្ធដារខេត្ត ដែលបានប្រព្រឹត្តល្បិចកលទាមទារលុយក្រៅច្បាប់ ពីប្រជាពលរដ្ឋ ដោយយកលេសឯកសារខុសនេះ ខុសនោះ ពិសេសពាក់ព័ន្ធក្នុងរឿងបង់ពន្ធប្រថាប់ត្រា ហើយករណីនេះបានកើតឡើងដដែលៗ ជាប្រការធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ក្នុងពេលមកបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
លោកបានបន្តថា ករណីដូចមានខាងលើ គួរតែឈប់ឲ្យមានចាប់ពីថ្ងៃនេះតទៅ ហើយត្រូវងាកមកធ្វើការប្រឡងប្រណាំង ជាមន្ត្រីបម្រើសេវាល្អជូនប្រជាពលរដ្ឋវិញ ឲ្យស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើនចំណូលថវិការដ្ឋតាមការដែលប្រជាពលរដ្ឋចូលមកបង់ពន្ធ ដោយមានការយល់ដឹង និងដោយមានទំនុកចិត្តនោះ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញត្រូវខិតខំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ ដើម្បីពួកគាត់ចូលខ្លួនមកបំពេញកាតព្វកិច្ចបានគ្រប់ៗគ្នា ប្រកបដោយការពេញចិត្ត ជៀសវាងពេលពួកគាត់មកបង់ពន្ធប្រើសម្ដីមិនសមរម្យ និងរុញពួកគាត់ឲ្យទៅនេះ ទៅនោះ ដែលជាការបន្ថែមកង្វល់ដល់ពួកគាត់ ធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត និងអាចត្រឡប់ទៅផ្ទះវិញដោយសារតែបង្កភាពស្មុកស្មាញដល់ពួកគាត់ច្រើនពេក។ ដូច្នេះឥរិយាបថដែលធ្លាប់កើតឡើងពីមុន មន្ត្រីពន្ធដារត្រូវធ្វើការកែប្រែឲ្យក្លាយទៅជាអ្នកបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងធ្វើការពន្យល់ដល់ពួកគាត់បានយល់ដឹងច្បាស់លាស់ ដើម្បីឲ្យពួកគាត់ឈានទៅគោរពកាតព្វកិច្ចចូលមកបង់ពន្ធបានគ្រប់ៗគ្នា៕