(កំពង់ចាម)៖ សិស្ស និស្សិតនៅខេត្តកំពង់ចាម ដែលមានបំណងចង់ប្រឡងចូលក្របខ័ណ្ឌមន្រ្ដីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៨ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមប្រញ៉ាប់រុះរាន់ឡើង ព្រោះទៅទទួលពាក្យ និងការដាក់ពាក្យប្រឡង នៅបន្ដចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។
ជាក់ស្ដែងការងារពាក់ព័ន្ធការប្រឡងនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យសិស្ស និស្សិតផ្ទាល់នូវការមកដាក់ពាក្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងពេលចុះពិនិត្យនោះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យអធិការ ស្រុកក្រុងទាំង១០ និងប៉ុស្តិ៍១០៩ ធ្វើការផ្សព្វផ្សាយឲ្យសិស្ស និស្សិត មកដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ និងទទួលពាក្យចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ អាចមកដាក់ពាក្យបានទាំងថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាក៕