(ភ្នំពេញ)៖ សាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែតុលា ឆ្នំាំ២០១៨នេះ បានប្រគល់សម្ភារៈបរិក្ខារពេទ្យ (សម្រាប់ជនពិការ) សរុបជាទឹកបា្រក់ជិត៤ម៉ឺនដុល្លារ ជូនដល់មនី្ទរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដើម្បីជួយលើកកម្ពស់សុខភាពជនពិការនៅកម្ពុជា។ ការប្រគល់នេះ បានធ្វើឡើងតាមរយៈគម្រោងកិច្ចសហប្រតិបតិ្តការ មេគង្គ-ឡានឆាង។
នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងថា បន្ទាប់ពីការចុះអនុស្សារណៈយោគយល់គ្នា រវាងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមួយភាគីចិន ក្រុមហ៊ុនផលិតឧបករណ៍សម្ភារៈបរិក្ខារពេទ្យ, ក្រុមហ៊ុននេះ បានសម្ភារៈបរិក្ខារពេទ្យជាច្រើនគ្រឿង សម្រាប់ជួយដល់អ្នកពិការ សរុបជាទឹកប្រាក់ ៣៦,០០០ដុល្លារ។
លោកវេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងថា នេះគឺជាមោទនភាពរបស់មនី្ទរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ហើយក៏ជាគម្រោងទី១ហើយ ដែលភាគីចិន សហការជាមួយមនី្ទរពេទ្យ សម្រាប់ជួយដល់អ្នកជំងឺពិការ មានដូចជាកៅអីអ្នកពិការ ឈើច្រត់ និងសម្ភារៈផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិតបន្ដទៀតថា «តាមរយៈគម្រោងមេគង្គ-ឡានឆាង ដោយធ្វើឡើងរវាងភាគីទាំងពីរនេះ មានរយៈពេល០៥ឆ្នាំ ក្នុងមួយឆ្នាំៗ និងពិនិត្យគម្រោងនេះឡើងវិញ ដើម្បីជួយដល់អ្នកក្រីក្រ ហើយទៅថ្ងៃអនាគត យើងនឹងបង្កើតជាមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្ម សម្រាប់ផលិតគ្រឿងបរិក្ខារពេទ្យនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតតែម្តង និងបណ្តុះបណ្តាលធនធានមនុស្សផងដែរ»។
នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងបន្ដថា ការបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាព ពលកម្មនេះ នឹងអាចជួយបានច្រើនដល់អ្នកជំងឺជាជនពិការ ដូចជាពិការស្លាប់មួយចំហៀងខ្លួនជាដើម ដោយកន្លងមន្ទីរពេទ្យ ក៏បានព្យាបាលអ្នកជំងឺជាច្រើនផងដែរ តាមរយៈការធ្វើលំហាត់ចលនា ដោយអាចជួយឲ្យពួកគាត់ ធ្វើចលនាដោយខ្លួនឯងបាន ហើយទៅថ្ងៃអនាគត នឹងជួយផ្តល់សម្ភារៈជូនពួកគាត់ផងដែរ។ ពាក់ព័ន្ធនឹងជំងឺនេះ ក្នុងមួយថ្ងៃមនី្ទរពេទ្យ បានទទួលអ្នកជំងឺពី៥០ ទៅ១០០នាក់ ដូចជាលើសឈាម ស្លាប់មួយចំហៀងខ្លួន ពិការដោយគ្រោះថ្នាក់ចរាចរផងដែរ។
ទន្ទឹមគ្នានោះដែរលោក Xi Li នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ផលិតឧបករណ៍សម្ភារៈបរិក្ខារពេទ្យ សម្រាប់ជួយដល់អ្នកពិការ នៃសាធារណៈរដ្ឋប្រជាមានិត ចិន បានលើកឡើងថា ត្បិតតែនេះជាលើកទីមួយដែលយើងបានសហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត តែយើងពិតជាពេញចិត្ដ និងសប្បាយរីករាយណាស់ ចំពោះកិច្ចសហប្រតិបត្ដិការនេះ ។សម្រាប់សម្ភារៈបរិក្ខារពេទ្យនេះ យើងនឹងមានជាលើកទីពីរ ទីបីបន្ថែមទៀត បន្ដជួយលើកកម្ពស់សុខភាពរបស់ជនពិការនៅកម្ពុជា»។
លោកបន្ដថា លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោមកិច្ចសហប្រតិបត្ដិការនេះ នឹងពង្រឹងទំនាក់ទំនងកិច្ចការងារជាច្រើនទៀតផ្សេងទៀត លើវិស័យសុខាភិបាល ហើយលោកពេញចិត្ដនឹងចូលរួមផងដែរ។
ជាការឆ្លើបតប លោកវេជ្ជបណ្ឌិត ងី ម៉េង បានឲ្យដឹងថា ក្រោមការចុះអនុស្សរណយោគយល់គ្នានេះ គម្រោងជាច្រើន នឹងបន្ដកើតមានជាក់ជាមិនខាន លើវិស័យសុខាភិបាល។ លើសពីនេះ សម្រាប់សម្ភារៈបរិកា្ខរពេទ្យនេះដែលភាគីចិនប្រគល់នៅពេលនេះ មន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល នឹងយកទៅជួយដល់ជនពិការ ក្រីក្រ ប្រើប្រាស់ដោយឥតគិតថ្លៃតែម្ដង៕