(ភ្នំពេញ)៖ គិតចាប់ពីត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលក្រុមរបស់លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៃសង្គមរាស្រ្តនិយមដ៏អស្ចារ្យនោះ ក៏ជាពេលដែលភ្លើងសង្រ្គាមដ៏សន្ធោរសន្ធៅនៅលើដែនដីកម្ពុជាបានចាប់ផ្តើមឆាបឆេះឡើងផងដែរ។
សង្រ្គាមរវាងអ្នកស្រឡាញ់ និងមានស្វាមីភក្តិជាមួយសម្តេច សីហនុ ដែលមានចិនជាបង្អែក និងក្រុមទាហានរបស់សាធារណរដ្ឋខ្មែរ ដែលមានអាមេរិកជាបង្អែកដែរនោះ មានរយៈពេល ៥ឆ្នាំ មុនឈានដល់ការដណ្តើមជ័យជម្នះ និងការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហម ប៉ុល ពត អ៊ាង សារី ខៀវ សំផន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនតិចជាង ១លានអ្នកនោះឡើយ បានស្លាប់បាត់ បង់ជីវិត និងធ្លាក់ខ្លួនពិការ។ របបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ជាពេលវេលាដ៏សែនទារុណបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ក្រោមរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរច្រើនជាង ២លាននាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើន លាននាក់ទៀត ត្រូវបាននិរាស្ត្រព្រាត់ប្រាស់ពីក្រុមគ្រួសារ ហើយស្លាកស្នាមដ៏សែនខ្លោចផ្សារនេះបានបន្តដក់ជាប់ក្នុងបេះដូងពលរដ្ឋខ្មែរមកដល់ពេលបច្ចុប្បន្ន។ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការវាយប្រហារពីសំណាក់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដោយមានការគាំទ្រពីវៀតណាម បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានរួចផុតទុក្ខវេទនា និងការ កាប់សម្លាប់របស់ប៉ុលពត តែមិនបានធ្វើឲ្យដែនដីកម្ពុជា បានបិទបញ្ចប់នូវភ្លើងសង្រ្គាមនោះឡើយ។
សង្រ្គាមរវាងកងទ័ពក្រុងភ្នំពេញរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និង សម្តេចតេជោ ហ៊ុន សែន ជាប្រមុខគាំទ្រដោយវៀតណាម និងមានសហភាពសូវៀតជាបង្អែក ជាមួយកងទ័ពខ្មែរក្រហម, អ្នកស្ម័គ្រស្មោះរបស់សម្តេច សីហនុ និងលោកតា សឺនសាន នៅតាមទល់ដែនខ្មែរ-ថៃ គាំទ្រដោយចិន និងអាមេរិក ដែលមានរយៈពេលប្រមាណ ១ទសវត្សរ៍នៅតែញ៉ាំញីដែនដីកម្ពុជា និងមិនអាចឲ្យពលរដ្ឋខ្មែររស់បានសុខសាន្តនោះឡើយ។
ជាភ័ព្វសំណាងដ៏ថ្លៃថ្លាមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលទំព័រដ៏សែនខ្មៅងងឹតព្រោះភ្លើងសង្រ្គាមនេះត្រូវបានរសាត់បន្តិចម្តងៗ បន្ទាប់ពីសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងស្វះស្វែងរកកិច្ចចរចាមួយដើម្បីបញ្ចប់នូវភ្លើងសង្រ្គាម ដែលញ៉ាំញីសង្គមកម្ពុជានេះ។
មកដល់ថ្ងៃអង្គារ៍ ទី២៣ ខែតុលា ឆ្នាំ២០១៨នេះ មានរយៈពេល ២៧ឆ្នាំហើយ (២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨) ដែលប្រមុខដឹកនាំខ្មែរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តំណាងរដ្ឋាភិបាលត្រីភាគី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរដ្ឋកម្ពុជា បានបើកចិត្ត បើកបេះដូងអង្គុយចរចាគ្នា ដើម្បីបិទបញ្ចប់ទំព័រដ៏ខ្មៅងងឹតលើដែនដីកម្ពុជា ដ៏កម្សត់នាំមកនូវទំព័រសករាជថ្មី គឺសុខសន្តិភាព និងការឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជិត៣ទសវត្សរ៍នោះ។
២៣ តុលា ១៩៩១ ជាថ្ងៃចុះកិច្ចព្រមព្រៀងជាច្រើនចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលត្រូវបានគេហៅជាទូទៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសចំនួន ១៧ផ្សេងទៀត។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានមតិជាច្រើនលើកឡើងខុសៗគ្នា ដោយមតិខ្លះ បានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ក៏ប្រឹងប្រែងបកស្រាយក្នុងរូបភាពផ្សេងៗ បំណងទាញផលចំណេញផ្នែកនយោបាយពីថ្ងៃទី២៣ តុលានេះ។
ប្រាកដណាស់ថា ការចុះទន់ខ្សោយនៃឥទ្ធិពលសហភាពសូវៀត បង្អែករដ្ឋាភិបាលរដ្ឋកម្ពុជា ការរលត់សង្រ្គាមត្រជាក់ រួមទាំងការជួយជ្រោមជ្រែងពីមិត្តភក្តិបរទេស ពិតជាវិភាគទានមួយសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា។ តែការថមថយឥទ្ធិពល និងការរួមវិភាគទានក្នុងការស្វែងរកដំណោះស្រាយរបស់ប្រទេសជាមិត្ត ក៏មិនមែនជាបុព្វហេតុទាំងស្រុង នៃការរំលត់ភ្លើងសង្រ្គាមនៅកម្ពុជានោះឡើយ ប្រសិនខ្មែរគ្រប់ភាគី នៃជម្លោះ ជាពិសេសសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គដ៏សំខាន់បំផុត មិនទម្លាក់ចោលចរិតអស្មិមានៈ និងមិនមានស្មារតីចរចាស្វែងរកការពន្លត់ភ្លើងសង្រ្គាមទេនោះ។ ស្មារតី នៃការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ ទើបជាបុព្វហេតុ ដ៏ចម្បង និងសំខាន់បំផុត ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លៃបានឡើយ។
ក្នុងកិច្ចសំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤២៤នាក់ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាព បានថ្លែងគូសបញ្ជាក់ថា កិច្ចចរចាសន្តិភាពនេះមិនអាចកើតមានឡើយ បើគ្មានសម្តេច នរោត្តម សីហនុ និងរូបសម្តេចទេនោះ។ សម្តេចតេជោ បានបញ្ជាក់ថា តួអង្គទាំងពីរគឺជាតួអង្គដ៏សំខាន់បំផុត។
សម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមកពីភាគីរដ្ឋាភិបាលខ្មែរក្នុងសម័យរដ្ឋកម្ពុជា បានថ្លែងបញ្ជាក់ថា «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមាន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា «គេអាចប៉ោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចប៉ោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា ជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។
តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន គឺជាសារបញ្ជាក់យ៉ាងច្បាស់ថា កិច្ចចរចា ២៣ តុលា ១៩៩១ គឺបានកើតចេញពីស្មារតី នៃការបង្រួបបង្រួមជាតិកើតចេញពីខ្មែរ និងខ្មែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត និងមានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជា។ ជាពិសេសកិច្ចព្រមព្រៀងនេះបាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ បង្កើតព្រះរាជាណាចក្រថ្មីជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ កងកម្លាំងតែមួយ និងតំបន់គ្រប់គ្រងតែមួយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ថ្វីត្បិតតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមទាំងស្រុង ព្រោះតែកងទ័ពខ្មែរក្រហមបន្តជ្រកនៅតាមព្រៃជាយដែនក៏ដោយនោះ តែក៏បានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅអនុវត្តន៍នយោបាយឈ្នះឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃនាំមកនូវការបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជារួមមកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ពិតជាបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីការបោះជំហានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ក្រោមការនិយាយចរចាជា លក្ខណៈគ្រួសារខ្មែរ មិនមែនបរទេសនិយមនោះឡើយ។ ២៣ តុលា បានក្លាយទៅជាកញ្ចក់បង្ហាញពីស្មារតី នៃការរួបរួម ដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរប្រកាន់យកក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីបញ្ចៀសភ្លើងសង្រ្គាម និងរុញច្រានប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
២៣ តុលា ក៏ជាព្រឹត្តិការណ៍រំលឹកដល់ប្រជាពលរដ្ឋខ្មែរផងដែរ ពីទុក្ខវេទនារបស់ខ្មែរព្រោះតែភ្លើងសង្រ្គាម និងសារៈសំខាន់នៃសុខសន្តិភាព ដែលត្រូវតែរួមគ្នាការពារ និងរក្សាឲ្យបាន៕
ដោយ៖ វ៉ាន់ សារាយ