(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ ខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពកម្ចាត់មីនទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានបង្ហាញនូវសុឆន្ទៈបន្ថែមទៀត ក្នុងកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនដែលបច្ចុប្បន្ន មានប្រទេសចំនួន១៦៤ជារដ្ឋភាគី ហើយក៏នឹងផ្តល់ទំនុកចិត្តបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាននូវយុទ្ធសាស្ត្រ «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥»។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈផេ្សងទៀតទាក់ទងវិស័យសកម្មភាពមីននៅកម្ពុជា។ អាជ្ញាធរមីន គឺជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យកិច្ចប្រតិបត្តិការសកម្មភាពមីនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជំរុញចលនាបោសសំអាតមីន ការប្រើប្រាស់ជំនួយ និងការបែងចែកដីធ្លីដែលបោសសម្អាតមីនរួចហើយ អោយមានសុវត្ថិភាព ប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងសម្របសម្រួលកិច្ចប្រតិបត្តិការរវាងបណ្តាប្រតិបត្តិករទាំងអស់។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក៏បានចូលរួមគាំទ្រទាំងស្រុងចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោកស្រី អឺណា សូលបើក (នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រន័រវែស) ដែលបានគាំទ្របេក្ខភាពរបស់ន័រវេស ជាប្រធានសន្និសីទលើកទី៤ ស្តីពីអនុសញ្ញាហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញចោល ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៩ នៅប្រទេសន័រវេស៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន៖