(ប៉េកាំង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាព និងដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមសេនីយ៍ទោ ហ័ង នាយករង នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិចិន។
ការអញ្ជើញទៅបំពេញទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយអ្នកស្រី ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមនាវិក ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនផងដែរ។
ការបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ សម្តេចពិជ័យសេនាទៀ បាញ់ និងគណៈប្រតិភូយោធាកម្ពុជា ធ្វើឡើងពីថ្ងៃទី២២ ដល់២៤ ខែតុលាឆ្នាំ២០១៨។ ចំណែកវេទិកា សៀងសាន លើកទី៨ ដែលសម្ដេចពិជ័យសេនានឹងអញ្ជើញចូលរួមនោះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ក្នុងនោះ សម្ដេចនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គស្ដីពី «បញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិការរក្សាសន្ដិភាព អង្គការសហប្រជាជាតិ» ផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា វេទិកា Xiangshan ប៉េកាំង លើកទី៨ (8Th Beijing Xiangshan Forum) ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ ការកសាងសមភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូសន្តិសុខថ្មីមួយ នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងផ្តោតលើការពិភាក្សាផ្លាស់ប្តូរពីវិធីសាស្រ្តថ្មី ទស្សនៈថ្មីនៃការគ្រប់គ្រងសន្តិសុខអន្ដរជាតិ ការគំរាមកំហែង និងការទប់ទល់ទៅនឹងភេរវកម្ម រួមទាំងកិច្ចសហប្រតិបត្តិការ និងបញ្ហាប្រឈមមួយចំនួនទៀត។
វេទិកានេះ នឹងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំយោធា និងក្រសួង-ស្ថាប័នការពារជាតិជិត១០០ប្រទេស មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ទ្វីបអាហ្រ្វិក អាមេរិកឡាទីន ព្រមទាំងអង្គការអន្ដរជាតិ អ្នកប្រាជ្ញ អ្នកជំនាញបញ្ញវន្តល្បីៗផងដែរ៕