(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ លន់ រ័ត្ននា ហៅក្តាម ភេទប្រុស អាយុ២៥ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។
ករណីនេះកើតឡើងនៅវេលាម៉ោង០២៖០០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លន់ រ័ត្ននា រួមនិងបក្ខពួក បានធ្វើសកម្មភាពប្រើហិង្សា វាយទៅលើជនរងគ្រោះ០២នាក់ ឈ្មោះ រស្មី សុភា ហៅតយ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ឡូញ ឆៃយ៉ា បណ្តាលឲ្យរបួសធ្ងន់ និងសន្លប់បាត់បង់ស្មារតី បន្ទាប់មករូបគេពួកបានរត់គេចខ្លួនបាត់។
រីឯឈ្មោះ រស្មី ម៉ូលីកា ហៅនីត ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាប្អូនបង្កើតជនរងគ្រោះឈ្មោះ រស្មី សុភា ជាជនរងគ្រោះ ក្រោយពីបានឃើញហេតុការនេះ បានទៅដាក់ពាក់បណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីជួយស្រាវជ្រាវចាប់ខ្លួនជនដៃដល់ខាងលើ ទើបរហូតដល់ម៉ោង០២៖៤៥នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្រាវជ្រាវតាមវិធានការជំនាញ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅចំណុចផ្លូវលំ ចូលបុរី ស៊ីធីហៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ លន់ រ័ត្ននា បានសារភាពថា ខ្លួនជាអ្នកវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ និងសន្លប់បាត់បង់ស្មារតីមែន។ នៅថ្ងៃកើតហេតុ ខណៈពេលដែលរូបគេកំពុងតទុយោទឹក នៅក្នុងឃ្លាំងទឹកក្រូចរបស់ថៅកែខ្លួនឈ្មោះ ចិន នៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញបងប្អូនជីដូនមួយបង្កើតខ្លួន ឈ្មោះ បុរី និងឈ្មោះ បុរ៉ា ហៅរ៉េវ បានឈ្មោះប្រកែកគ្នា ជាមួយឈ្មោះ តង ដោយមានយកដុំថ្មគប់គ្នាទៅវិញទៅមក រូបគេក៏បានចូលឃាត់ ហើយឈ្មោះ បុរី និងឈ្មោះ បុរ៉ា ហៅរ៉េវ បានបន្តឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះខាងលើទៀត ដោយមានរុញច្រានគ្នា ទៅវិញទៅមកឃើញដូចនោះ រូបគេបានស្ទុះទៅវាយជនរងគ្រោះពីក្រោយ មួយដៃពេញទំហឹង បណ្តាលឲ្យដួលសន្លប់បាត់បង់ស្មារតី ហើយរូបគេបានរត់គេចខ្លួនបាត់តែម្តង។
លុះរហូតដល់ម៉ោង០២៖៥០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ខណៈពេលដែលរូបគេកំពុងជិះម៉ូតូ ក្នុងភូមិស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថ ចុះមកធ្វើការឃាត់ខ្លួនរូបគេតែម្តង៕